ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រៀមលើកយកចំណុចចម្រូងចម្រាសក្នុងផែនការសន្តិភាពទៅនិយាយផ្ទាល់ជាមួយ ដូណាល់ ត្រាំ
ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានមានប្រសាសន៍កាលពីថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការជំរុញក្របខ័ណ្ឌដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងពិភាក្សាចំណុចចម្រូងចម្រាសដែលនៅសេសសល់ដោយផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ខណៈទទូចថាសម្ព័ន្ធមិត្តអឺរ៉ុបត្រូវតែចូលរួម។
យោងតាមទីភ្នាក់ងារ Reuters លោកហ្សេលេនស្គីបាននិយាយថា «យើងត្រៀមខ្លួនជាស្រេចដើម្បីបោះជំហានទៅមុខជាមួយគ្នា—ជាមួយសហរដ្ឋអាមេរិក តាមរយៈការចូលរួមផ្ទាល់របស់ប្រធានាធិបតីត្រាំ»។ ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា ការសម្រេចចិត្តផ្នែកសន្តិសុខ«ត្រូវតែរាប់បញ្ចូលទាំងអ៊ុយក្រែន និងអឺរ៉ុប»។
ទីក្រុងកៀវ និងវ៉ាស៊ីនតោន នៅតែមានការបែកបាក់គ្នាលើផ្នែកខ្លះនៃសំណើរបស់លោកត្រាំ ដែលបានបង្កឲ្យមានការព្រួយបារម្ភថា អ៊ុយក្រែនអាចនឹងត្រូវបានដាក់សម្ពាធឲ្យទទួលយកលក្ខខណ្ឌដែលរុស្ស៊ីមានប្រៀបជាង រួមទាំងការធ្វើសម្បទានទឹកដី។
លោកត្រាំ បានរៀបរាប់នៅលើបណ្ដាញសង្គមថា «ចំណុចមិនចុះសម្រុងគ្នាមួយចំនួនតូចប៉ុណ្ណោះដែលនៅសេសសល់» ហើយលោកបានចាត់បេសកជនលោក Steve Witkoff ទៅជួបប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ខណៈដែលរដ្ឋមន្ត្រីកងទ័ព Dan Driscoll ទៅជួបជាមួយមន្ត្រីអ៊ុយក្រែន។
អ្នកការទូតអ៊ុយក្រែនម្នាក់បានប្រាប់ Reuters ថា បញ្ហាទឹកដីនៅតែជាឧបសគ្គដ៏លំបាកបំផុត។
យោងតាម Kyiv Post លោកហ្សេលេនស្គី បាននិយាយថា ផែនការសន្តិភាព«មិនមាន»២៨ចំណុចទៀតទេ ហើយឥឡូវវាបានឆ្លុះបញ្ចាំងពី«ចំណុចត្រឹមត្រូវជាច្រើន» ទោះបីជាលោកបានបន្ថែមថា អ្នកចរចានៅតែប្រឈមមុខនឹងការងារ«ដ៏លំបាកខ្លាំង» ដើម្បីបញ្ចប់ក្របខ័ណ្ឌនេះក៏ដោយ។
លោកហ្សេលេនស្គី បានរៀបរាប់ថា «អ៊ុយក្រែននឹងមិនក្លាយជាឧបសគ្គដល់សន្តិភាពឡើយ» ដោយបន្ថែមថា ទីក្រុងកៀវត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការ«ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន» ដើម្បីឆ្ពោះទៅរកដំណោះស្រាយ«ប្រកបដោយសេចក្តីថ្លៃថ្នូរ»។
សំណើរបស់អាមេរិកបានអំពាវនាវឲ្យអ៊ុយក្រែនលះបង់ទឹកដីនៅក្នុងតំបន់ដូណេតស្ក៍ (Donetsk) លូហានស្ក៍ (Luhansk) និងគ្រីមៀរ (Crimea) បង្កកសកម្មភាពជួរមុខបច្ចុប្បន្ននៅក្នុងតំបន់ឃែរហ្សុន (Kherson) និងហ្សាប៉ូរីហ្សៀ (Zaporizhzhia) កាត់បន្ថយយោធារបស់ខ្លួនមកត្រឹម៦០០ ០០០នាក់ និងប្តេជ្ញាថានឹងមិនចូលរួមជាមួយអង្គការណាតូ (NATO) ដែលជាលក្ខខណ្ឌដែលទីក្រុងកៀវបានច្រានចោលជាយូរមកហើយ។ ផែនការនេះក៏បានគូសបញ្ជាក់ពីជំហានសម្រាប់ការបញ្ចូលរុស្ស៊ីឡើងវិញទៅក្នុងសេដ្ឋកិច្ចពិភពលោក រួមទាំងការលើកលែងទណ្ឌកម្ម និងការស្តារទម្រង់G8ឡើងវិញ៕
![]()

