ទឹកជំនន់​ភាគខាងត្បូងប្រទេស​ថៃ ធ្វើឲ្យខាត​បង់​មិន​តិច​ជាង២៥ពាន់លាន​បាតទេក្នុង​រយៈ​ពេលមួយ​ខែ

ទឹកជំនន់​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​​​របស់​ប្រទេស​ថៃ នៅ​​ខេត្ត Songkhla និង​ខេត្ត​ភាគខាងត្បូង​ជាច្រើន​ទៀត អាច​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខាតបង់​មិន​តិច​ជាង២៥ពាន់លាន​បាត​នោះ​ឡើយ ក្នុង​រយៈពេល​ត្រឹមតែ​មួយ​ខែ។ នេះ​បើ​យោង​តាម​ការ​វាយតម្លៃ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Kasikorn (ឬហៅ​ថា KResearch)។

យោង​តាម​សារព័ត៍មាន​ថៃ The Standard លោកស្រី Kewalin Wangpichayasuk អនុប្រធាន​គ្រប់គ្រង​នៅ KResearch បាន​និយាយ​ថា ទឹកជំនន់​ធ្ងន់ធ្ងរ ជាពិសេស​នៅ​ខេត្ត Songkhla ដែល​មាន​ភ្លៀងធ្លាក់​ខ្លាំង​ជាប់​តាំងពី​ថ្ងៃទី២១ខែ​វិច្ឆិកា បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ៨០០ ០០០​គ្រួសារ និង​ដី​ជាង ៤០០ ០០០រ៉ៃ (ប្រមាណ៦៤០គីឡូម៉ែត្រ​ក្រឡា)។ ស្ថានការណ៍​នៅតែ​មាន​ភាព​ធ្ងន់ធ្ងរ ដោយសារ​អាច​នឹង​មាន​ភ្លៀង​បន្ត​ធ្លាក់​ទៀត។

KResearch ប៉ាន់ប្រមាណ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ជា​ពីរ​សមាសភាគ៖

១.ផល​ប៉ះពាល់​សេដ្ឋកិច្ច​ភ្លាមៗ៖ យ៉ាងហោចណាស់២៥ប៊ីលាន​បាត

ផល​ប៉ះពាល់​ក្នុង​ខែ​ដំបូង​ត្រូវ​បាន​ព្យាករ​​ថា​មាន​ចំនួន២៥ប៊ីលាន​បាត ឬ ០.១៣% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ប្រទេស​ថៃ ដោយ​សន្មត​ថា ​ស្ថានភាព​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល១០ទៅ១៥ថ្ងៃ​ដំបូង មុន​នឹង​ធូរស្រាល​បន្តិចម្តងៗ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​បន្ទាប់។

Songkhla គឺ​ជា​ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ដោយ​មាន​ការ​រំខាន​យ៉ាងធំ​​ដល់៖

  • សេវាកម្ម (ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ការ​លក់រាយ និង​ការដឹកជញ្ជូន)
  • ឧស្សាហកម្ម (កសិកម្ម និង​ការ​​កែច្នៃ​ចំណីអាហារ)
  • ការ​ដាច់​ចរន្តអគ្គិសនី និង​ទឹកស្អាត

ទឹកជំនន់​ បាន​កើត​ឡើង​ចំ​ពេល​​​រដូវ​កាល​ទេសចរណ៍​កំពូល​របស់​ប្រទេស​ថៃ និង​ការ​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា SEA Games ចាប់ពី​ថ្ងៃទី៩ដល់២០ខែ​ធ្នូ ដែល​ក្នុង​នោះ​ខេត្ត Songkhla ត្រូវ​បាន​កំណត់​ជា​ទីតាំង​ប្រកួត។

ការ​ខាតបង់​ផ្នែក​កសិកម្ម​ត្រូវ​បាន​រំពឹង​ទុក​លើ​វិស័យ​កៅស៊ូ ប្រេងដូង និង​វារីវប្បកម្ម​នៅ​ក្នុង​ខេត្ត Songkhla និង​ខេត្ត​ជិតខាង។

២. ការខូចខាត​ទ្រព្យសម្បត្តិ៖ រយៈពេល​វែង​ជាង និង​ពិបាក​ក្នុង​ការ​កំណត់​បរិមាណ

KResearch បាន​ព្រមាន​ថា ការខូចខាត​ទ្រព្យសម្បត្តិ ផល​​​ប៉ះពាល់​​លើ​​​គ្រួសារពលរដ្ឋ​រង​គ្រោះ ទីភ្នាក់ងារ​រដ្ឋាភិបាល ស្ថាប័ន​ហិរញ្ញវត្ថុ និង​ដៃគូ​ខ្សែសង្វាក់​ផ្គត់ផ្គង់ ទំនង​ជា​ត្រូវ​​បាន​វាយ​តម្លៃ​​ក្នុង​រយៈពេល​យូរ​ជាង ដោយ​បន្ថែម​​ថា ការ​ស្តារ​ឡើងវិញ​នឹង​អាស្រ័យ​លើ​ភាព​ធន់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពលរដ្ឋ លក្ខខណ្ឌ​សេដ្ឋកិច្ច ការ​គាំទ្រ​ពី​ម្ចាស់បំណុល និង​កម្មវិធី​ជំនួយ​របស់​រដ្ឋាភិបាល៕

ព័ត៌មានទាក់ទង