ក្រសួងការបរទេសកម្ពុជាបង្ហាញអង្គទូតពីលទ្ធផលស៊ើបអង្កេតលើករណីបាញ់រះដោយកម្លាំងថៃលើពលរដ្ឋភូមិព្រៃចាន់

រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា លោកស្រី អ៊ាត សោភា បានបង្ហាញទៅកាន់អង្គទូតបរទេសប្រចាំនៅរាជធានីភ្នំពេញ អំពីលទ្ធផលនៃការស៊ើបអង្កេតលើករណីបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោកស្រី អ៊ាត សោភា បានលើកឡើងដោយសំអាងលើលទ្ធផលស៊ើបអង្កេតជាបឋមពីកម្លាំងនគរបាលជាតិកម្ពុជា ជាមួយនឹងការចូលរួមពីក្រុមអ្នកអង្កេតការណ៍អាស៊ាន AOT បានបង្ហាញថា ការបាញ់ប្រហារដោយកងកម្លាំងថៃ គឺដោយគ្មានការបង្កហេតុញុះញង់ ហើយបានបណ្តាលឱ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស។

តាមការស៊ើបអង្កេតនៅទីតាំងកើតហេតុក្នុងភូមិព្រៃចាន់ ក៏បានបង្ហាញដែរថា ក្នុងហេតុការណ៍នោះ គឺពុំមានការផ្ទុះអាវុធពីខាងកម្ពុជានៅមុន ឬក៏នៅក្រោយពេលដែលកងកម្លាំងថៃបាញ់ប្រហារចូលទៅក្នុងភូមិនេះទេ។

ជាថ្មីម្ដងទៀត មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសខាងលើ បានបញ្ជាក់ក្នុងកិច្ចប្រជុំជាមួយអង្គទូត កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអនុវត្តពេញលេញកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលជាកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។

លោកស្រី អ៊ាត សោភា ក៏បានបញ្ជាក់ជាថ្មីនូវការបដិសេធរបស់កម្ពុជាចំពោះការចោទប្រកាន់ថាកងកម្លាំងកម្ពុជាបានដាក់មិនថ្មី។ លោកស្រី បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលថៃបានសម្រេចចិត្តផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពបន្ទាប់ពីឧបទ្ទវហេតុទាហានថៃជាន់មីនផ្ទះ នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពេលពួកគេចូលទៅតំបន់ចំការមីនចាស់ក្នុងដែនដីកម្ពុជា៕

ព័ត៌មានទាក់ទង