ជំនន់នៅហាតយ៉ៃ ធ្វើឲ្យពលរដ្ឋថៃជាង២០០នាក់ កើតជំងឺផ្លូវចិត្ត ក្នុងនោះមាន អ្នកខ្លះព្យាយាមសម្លាប់ខ្លួន
ដ្បិតស្ថានភាពទឹកជំនន់ក្នុងទីក្រុង ហាតយ៉ៃ បានធូរស្រាលបន្តិចហើយក៏ពិតមែន ប៉ុន្តែសោកនាដកម្មនោះនៅតែដិតដាមក្នុងអារម្មណ៍របស់ពលរដ្ឋថៃ ដល់ថ្នាក់ធ្វើឲ្យមនុស្សជាង២០០នាក់ កើតជំងឺផ្លូវចិត្ត ហើយក្នុងនោះក៏មានអ្នកខ្លះប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។
សារព័ត៌មាន Khaosod បានដកស្រង់ប្រភពពីក្រសួងសុខាភិបាលសាធារណៈថៃ ដែលចេញរបាយការណ៍នៅថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥ថា មានមនុស្សរហូតដល់ទៅ២១៦នាក់ បានកើតបញ្ហាផ្លូវចិត្តព្រោះតែស្ថានភាពធ្ងន់ធ្ងរហួស នៃគ្រោះទឹកជំនន់នៅហាតយ៉ៃ ហើយក្នុងចំណោម២១៦នាក់នោះ មាន៨នាក់ ដែលព្យាយាមសម្លាប់ខ្លួន ប៉ុន្តែត្រូវបានបញ្ជូនទៅព្យាបាលរួចហើយ។
មិនត្រឹមប៉ុណ្ណឹង ក្រសួងក៏ព្រមានផងដែរអំពីជំងឺដែលកើតក្រោយពេលទឹកស្រកជាពិសេសគឺ ជំងឺ Leptospirosis ដែលឆ្លងតាមរយៈទឹកនោមសត្វ។
សូមបញ្ជាក់ជាថ្មី យោងតាមតួលេខចុងក្រោយពីរដ្ឋាភិបាលថៃ គិតត្រឹមថ្ងៃចន្ទទី១ខែធ្នូឆ្នាំ២០២៥, ចំនួនមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានកើនដល់១៧៦នាក់ហើយ។
ក្រសួងសុខាភិបាលថៃ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមមនុស្សស្លាប់ មាន១៦០នាក់ស្លាប់ដោយសារលង់ទឹក និងអ្នកផ្សេងទៀតស្លាប់ដោយសារឆក់ខ្សែភ្លើង ឬត្រូវទឹកហូរកួចនាំយកទៅ។
ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធតួលេខនេះកំពុងមានភាពចម្រូងចម្រាស់ខ្លាំងណាស់នៅក្នុងប្រទេសថៃ ដោយពលរដ្ឋនាំគ្នាចោទរដ្ឋាភិបាលថា បិទបាំងការពិត លាក់ចំនួនមនុស្សស្លាប់។
អ្នកជំនាញបានប៉ាន់ស្មានហើយថា ចំនួនមនុស្សស្លាប់អាចខ្ពស់ជាងនេះឆ្ងាយណាស់ ពោលគឺប្រហែលជាមិនក្រោម ១ ០០០នាក់ទេ៕




