បេសកជនលោក ដូណាល់ត្រាំ ត្រៀមជួបលោក វ៉្លឌីមៀ ពូទីន នៅទីក្រុងមូស្គូ ដើម្បីជជែកអំពីមធ្យោបាយបញ្ចប់សង្រ្គាមអ៊ុយក្រែន

(មូស្គូ)៖ នាថ្ងៃអង្គារនេះ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងកូនប្រសារបស់លោក ត្រាំ គឺលោក Jared Kushner នឹងជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពី​មធ្យោបាយបញ្ចប់សង្រ្គាម ដែលកំពុងអូសបន្លាយនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥។

លោក ត្រាំ ធ្លាប់បានលើកឡើងម្តងហើយម្តងទៀតថា រូបលោកចង់បញ្ចប់សង្រ្គាមអ៊ុយក្រែនឱ្យបានឆាប់ ប៉ុន្តែមកទល់នឹងពេលនេះ កិច្ចប្រឹងប្រែងរបស់លោក រួមមានទាំងការបើកកិច្ចប្រជុំកំពូលមួយ ជាមួយលោក ពូទីន នៅរដ្ឋ Alaska កាលពីខែសីហា មិនទាន់ជួយសម្រេចបាន​សន្តិភាពនៅឡើយទេ។

ផែនការសន្តិភាព២៨ចំណុចរបស់រដ្ឋបាលលោក ត្រាំ ដែលលេចឡើងកាលពីសប្តាហ៍មុន បានបង្កឱ្យមានក្តីបារម្ភក្នុងចំណោមមន្រ្តីអ៊ុយក្រែនក៏ដូចជាអឺរ៉ុប ដែលយល់ថា ផែនការនោះហាក់ញុះញ៉មចំពោះលក្ខខណ្ឌទាមទារធំៗរបស់រុស្ស៉ី ដូចជាតម្រូវឱ្យអ៊ុយក្រែនប្តេជ្ញាមិនចូល​អង្គការ NATO, ដាក់កំហិតទំហំកងទ័ព ហើយលះបង់ទឹកដីបន្ថែម និងទទួលស្គាល់ទឹកដីដែលរុស្ស៉ីកាន់កាប់បាន។

យ៉ាងណាមិញ ក្រុមមហាអំណាចអឺរ៉ុប បានដាក់ចេញសំណើតបតវិញរបស់ពួកគេ សម្រាប់សន្តិភាពនៅអ៊ុយក្រែន ហើយក្រោយ​កិច្ចពិភាក្សានៅប្រទេសស្វីស ខាងអាមេរិកនិងអ៊ុយក្រែន បាននិយាយថា ពួកគេបានឯកភាពគ្នាលើគ្រោងផែនការសន្តិភាពមួយ ដែលត្រូវបានកែលម្អឱ្យកាន់តែប្រសើរ ដើម្បីបញ្ចប់សង្រ្គាម។

លោក ពូទីន បានអះអាងថា រូបលោកត្រៀមខ្លួនជាស្រេច ដើម្បីជជែកអំពីសន្តិភាព ប៉ុន្តែប្រសិនបើអ៊ុយក្រែន មិនព្រមទទួលយក​កិច្ចព្រមព្រៀងមួយទេនោះ កងកម្លាំងរបស់រុស្ស៉ីនឹងបន្តវាយលុកឆ្ពោះទៅមុខ ហើយកាន់កាប់ទឹកដីអ៊ុយក្រែនបន្ថែមទៀត។ កាលពី​ថ្ងៃចន្ទ ក្រុមមេបញ្ជាការយោធារុស្ស៉ី ទើបតែបានប្រាប់លោក ពូទីន ថា កងកម្លាំងរុស្ស៉ីទីបំផុតដណ្តើមយកបាន ទីក្រុងនៅសមរភូមិមុខ Pokrovsk និង Vovchansk។

គួរបញ្ជាក់ថា បច្ចុប្បន្ន កងកម្លាំងរបស់រុស្ស៉ីគ្រប់គ្រងប្រហែល២០ភាគរយ នៃទឹកដីរបស់អ៊ុយក្រែន ហើយក្នុងឆ្នាំ២០២៥នេះ គឺទទួលបានភាពរីកចម្រើនលឿនបំផុតលើសមរភូមិ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីឆ្នាំ២០២២មក។ បើតាមការវាយតម្លៃរបស់អាមេរិក បុរសប្រមាណជាង១.២លាននាក់ បានស្លាប់ឬរងរបួសនៅក្នុងសង្រ្គាមនេះ ប៉ុន្តែទាំងអ៊ុយក្រែននិងរុស្ស៉ី សុទ្ធតែមិនបានបញ្ចេញតួលេខផ្លូវការទេ៕

ព័ត៌មានទាក់ទង