លោក ដូណាល់ ត្រាំ ប្រកាសបញ្ឈប់ទទួលយករាល់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ ពីប្រទេសចំនួន១៩ ដោយសារតែព្រួយបារម្ភជុំវិញសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ
វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២ ខែធ្នូ បានប្រកាសពីការបញ្ឈប់ទទួលយករាល់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ ក្នុងនោះរួមមាន ទាំងប័ណ្ណបៃតង និងនីតិវិធីសុំចូលសញ្ជាតិអាមេរិកដែលស្នើដោយជនអន្តោប្រវេសន៍មកពីប្រទេសចំនួន១៩ ដោយសារតែការព្រួយបារម្ភជុំវិញសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ។
ការឈប់ទទួលយកពាក្យសុំទិដ្ឋាការនឹងត្រូវអនុវត្តលើជនអន្តោប្រវេសន៍មកពី១៩ប្រទេសដែលជាប់បម្រាមធ្វើដំណើរមួយផ្នែករួចទៅហើយកាលពីខែមិថុនា ជាមួយការបន្ថែមការរឹតបន្តឹង លើអន្តោប្រវេសន៍ ជាកម្មវិធីនយោបាយស្នូលមួយរបស់លោក ដូណាល់ ត្រាំ។
ការសម្រេចចិត្តបែបនេះរបស់រដ្ឋបាលលោក ត្រាំ ធ្វើឡើងបន្ទាប់ពីបុរសជាជនជាតិអាហ្វហ្កានីស្ថានម្នាក់ បានវាយប្រហារលើសមាជិកកងឆ្មាំជាតិអាមេរិកនៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន ដោយបណ្ដាលឱ្យសមាជិកឆ្មាំជាតិម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងការបាញ់ប្រហារនោះ។ ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន។
លោក ត្រាំ ក៏បានដំឡើងសំឡេងប្រឆាំងប្រជាជនសូម៉ាលីផងដែរកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ដោយហៅពួកគេថាជាសំរាម និងនិយាយថាយើងមិនចង់ឱ្យពួកគេចូលមកក្នុងប្រទេសរបស់ យើងឡើយ។
គួរបញ្ជាក់ថា បញ្ជីឈ្មោះប្រទេសដែលជាប់បម្រាមក្នុងនោះរួមមាន អាហ្វហ្កានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីត្រេ ហៃទី អ៉ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន ហើយដែលប្រទេសទាំងនេះបានស្ថិតក្រោមការរឹតត្បិតអន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងរួចទៅហើយកាលពីខែមិថុនា ក្នុងនោះរួមមានទាំងការហាមឃាត់ទាំងស្រុងមិនឱ្យចូលទៅ កាន់សហរដ្ឋអាមេរិកជាមួយករណីលើកលែងតិចតួចបំផុត។ ចំណែក ប្រទេសផ្សេងទៀតក្នុងចំណោមប្រទេសទាំង១៩ ដែលស្ថិតក្រោមការរឹតត្បិតមួយផ្នែកកាលពីខែមិថុនា រួមមាន ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួកម៉េនីស្ថាន និងវ៉េណេស៊ុយអេឡា៕

