(កូឡុំបូ, ហ្សាការតា)៖ ភ្លៀងធ្លាក់ខ្លាំងជាថ្មីត្រូវបានព្យាករណ៍ សម្រាប់ឥណ្ឌូណេស៉ី និងស្រីលង្កា នាថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូនេះ នាំឱ្យមានការភ័យខ្លាចពីការបំផ្លិចបំផ្លាញថែមទៀត ដោយគ្រោះទឹកជំនន់ដែលបានឆក់យកជីវិតមនុស្ស សរុបជាង ១ ០០០នាក់រួចមកហើយ នៅក្នុងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីភ្នាក់ងារឧតុនិយឥណ្ឌូណេស៉ី បានព្រមានថា ខេត្តចំនួន ៣ដែលគ្រោះខ្លាំងជាងគេ នៅកោះ Sumatra អាចនឹងមានភ្លៀងធ្លាក់ខ្លាំងចន្លោះពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រសប្តាហ៍នេះ។ ភ្លៀងធ្លាក់បានចាប់ផ្តើមកាលពីយប់មិញ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ឈានដល់កម្រិតខ្លាំងក្លាមុននៅឡើយទេ។ នៅឥណ្ឌូណេស៉ី មនុស្សជាង ៥៦០នាក់ នៅតែបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ និងបំណាក់ដីវាយប្រហារកាលពីសប្តាហ៍ ខណៈការដាច់បណ្តាញទំនាក់ទំនង និងចរន្តអគ្គិសនី ធ្វើឱ្យពិបាកក្នុងការតាមរក។ អ្នកស្នាក់នៅជម្រកបណ្តោះអាសន្នម្នាក់និយាយថា នាងមិនទាន់បាត់ភ័យតក់ស្លុតទេ ពេលដែលឃើញទឹកជំនន់ហូរច្រោះផ្ទះរបស់នាង។
នៅប្រទេសស្រីលង្កា អ្នកឧតុនិយមនិយាយថា ខ្យល់មូសុងឦសាន នឹងមកដល់ចាប់ពីរសៀលថ្ងៃព្រហស្បតិ៍នេះ។ ការជូនដំណឹងអំពីបំណាក់ដី នៅតែបន្តសម្រាប់តំបន់មួយចំនួន នៃតំបន់ដែលរងគ្រោះខ្លាំងបំផុតនៅភាគកណ្តាល ហើយអ្នកស្រុកត្រូវបានណែនាំមិនឱ្យត្រឡប់ទៅផ្ទះវិញទេ ពីព្រោះទីជម្រាលស្រាប់ អាចបាក់រលំពេលដែលមានភ្លៀងខ្លាំង។ មនុស្សយ៉ាងតិច ៤៧៩នាក់បានស្លាប់នៅក្នុងប្រទេសស្រីលង្កា ហើយរាប់រយនាក់នៅតែបាត់ខ្លួន ខណៈប្រធានាធិបតីបានអំពាវនាវរកជំនួយពីអន្តរជាតិ៕


