កងទ័ព​អាមេរិកបានធ្វើការវាយប្រហារថ្មី​មួយ​ទៀត​ទៅលើទូក​សង្ស័យជួញដូរគ្រឿងញៀនមួយគ្រឿង ដោយបានសម្លាប់មនុស្ស៤​នាក់

កងទ័ព​អាមេរិកបានធ្វើការវាយប្រហារថ្មី​មួយ​ទៀត​ទៅលើទូក​សង្ស័យជួញដូរគ្រឿងញៀនមួយគ្រឿង នៅក្នុងដែនទឹកអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍​ទី​៤​ខែ​ធ្នូ​ឆ្នាំ​២០២៥​ ដោយបានសម្លាប់មនុស្ស៤​នាក់។

បញ្ជាការដ្ឋានភាគខាងត្បូង​អាមេរិក បានលើកឡើងនៅលើបណ្តាញសង្គមថា «កាលពីថ្ងៃទី៤​ធ្នូ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ក្រុមការងាររួម Southern Spear បានធ្វើការវាយប្រហារយ៉ាង​គ្រោះថ្នាក់​ទៅលើទូក​ដែលកំពុងដំណើរការដោយអង្គការភេរវករដែលត្រូវបានកំណត់ នៅក្នុងដែនទឹកអន្តរជាតិ»។

បញ្ជាការដ្ឋានបានលើក​ឡើង​ថា ព័ត៌មានសម្ងាត់បានបង្ហាញថា ទូកនេះកំពុងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់តាមបណ្តោយច្រករបៀងជួញដូរ​នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងកើត។ បុរសទាំង៤នាក់នៅលើទូក ដែលត្រូវបានពិពណ៌នាថាជា«អ្នកភេរវករគ្រឿងញៀន» ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។

ប្រតិបត្តិការនេះបាននាំ​ឲ្យ​ចំនួនអ្នកស្លាប់សរុបពីការវាយប្រហារតាមសមុទ្ររបស់​អាមេរិក​កើនឡើងដល់ ៨៦នាក់។

យោងតាម​មន្ត្រី​អាមេរិក ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ដាក់ពង្រាយ​ទាហាន​ប្រហែល​១៥០០០​នាក់ និង​នាវាចម្បាំង​ច្រើន​ជាង​១២​គ្រឿង ទៅកាន់​តំបន់​​ការ៉ាប៊ីន​ក្បែរ​ប្រទេស​វ៉េណេស៊ុយអេឡា ​ក្រោម«ប្រតិបត្តិការ Southern Spear» ក្នុង​គោល​បំណង​​​កម្ចាត់​ក្រុម​ជួញដូរ​គ្រឿងញៀន។ ប្រទេស​វ៉េណេស៊ុយអេឡា​បាន​ច្រានចោល​ការ​ចោទប្រកាន់​ការ​ជួញដូរ​គ្រឿងញៀន​​ថា​ជា​រឿង​នយោបាយ ដោយ​លោក​ប្រធានាធិបតី​ នីកូឡាស ​ម៉ាឌូរ៉ូ​ អះអាង​ថា ឥរិយាបថ​យោធា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​​បង្ក​​អស្ថិរភាព និង​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក។

កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ រដ្ឋបាល​របស់​​ប្រធានាធិបតី​អាមេរិក ដូណាល់ ​ត្រាំ បានប្រកាសថា​ផ្តល់រង្វាន់ទ្វេដង​ឡើង​ដល់៥០​លាន​ដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោស​លោក​ម៉ាឌូរ៉ូ ដែល​ត្រូវ​ចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន​នៅ​​​អាមេរិក។ អាមេរិក​ចោទប្រកាន់លោកម៉ាឌូរ៉ូ ថាកំពុង​ប្រើប្រាស់​ប្រាក់ចំណេញពីគ្រឿងញៀនដើម្បីរក្សាអំណាច​ខ្លួន។ លោកម៉ាឌូរ៉ូ ត្រូវបានចោទប្រកាន់ជាលើកដំបូងនៅក្នុងឆ្នាំ​២០២០ ដោយរដ្ឋអាជ្ញា​​អាមេរិក ដែលថា លោក​បានដើរតួនាទីសំខាន់ក្នុងការសមគំនិតរត់ពន្ធកូកាអ៊ីនដ៏ច្រើនសន្ធឹកសន្ធាប់​ចូលទៅក្នុង​ទឹក​ដី​អាមេរិក។

ក្រៅ​តែ​ពី​លោកម៉ាឌូរ៉ូ មន្ត្រី​ធំៗ​មួយ​ចំនួន​របស់​វ៉េណេស៊ុយអេឡា ក៏ត្រូវ​អាមេរិក​ប្រកាស​ចាប់​ខ្លួន​ផង​ដែរ ដូចជា រដ្ឋមន្ត្រីការពារជាតិលោក Vladimir Padrino និងអតីតអនុប្រធានាធិបតី Tareck El Aissami ជា​ដើម៕

ព័ត៌មានទាក់ទង