កិច្ចព្រមព្រៀងដែលសម្រុះសម្រួល​ដោយ​លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅកម្ពុជា–ថៃ និង​កុងហ្គោ កំពុង​ប្រឈម​ហានិភ័យ

កិច្ចព្រមព្រៀងសន្តិភាពចំនួនពីរដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកតម្កើងថាជាភស្តុតាងនៃភាពជោគជ័យនៃកិច្ច​ចរចាជាសកលរបស់លោក កំពុងប្រឈមនឹង​ហានិភ័យ ខណៈដែលការប្រយុទ្ធគ្នាកើតឡើងវិញនៅ​ភាគខាងកើតប្រទេសកុងហ្គោ និងតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Washington Times។

ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសកុងហ្គោ និងរវ៉ាន់ដាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំទ្រដោយ​អាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ដែលមានគោលបំណងបញ្ឈប់អំពើហិង្សានៅ​ខេត្ត South Kivu ការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធនឹងកងជីវពល M23 ដែលគាំទ្រដោយរវ៉ាន់ដា បានកើនឡើងយ៉ាងខ្លាំង ដោយជំរុញ​ឲ្យ​ក្រុមទំនាក់ទំនងអន្តរជាតិសម្រាប់តំបន់ Great Lakes អំពាវនាវជាបន្ទាន់​ឲ្យ​មានការអត់ធ្មត់។ ក្រុមនេះបានជំរុញ​ឲ្យ​ក្រុម M23 និងយោធារបស់រវ៉ាន់ដាបញ្ឈប់ប្រតិបត្តិការវាយលុក និងអនុលោមតាមការប្តេជ្ញាចិត្តកាលពីសប្តាហ៍មុន។

ក្រសួងការបរទេស​អាមេរិក បាននិយាយថា ក្រុង​វ៉ាស៊ីនតោន​ «មានការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះអំពើហិង្សានេះ ហើយកំពុងដាក់សម្ពាធលើគ្រប់ភាគី​ឲ្យ​រក្សាការព្រមព្រៀងដែលលោកត្រាំ បានលើកសរសើរថាជា«ប្រវត្តិសាស្ត្រ» ដោយ​អះអាង​ថា វាបានបង្ហាញថា អាមេរិក«បានទទួលជោគជ័យ ខណៈដែលប្រទេសជាច្រើនទៀតបរាជ័យ»។

ទន្ទឹមនឹងនោះ ការប្រយុទ្ធគ្នាក៏បានកើនឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃផងដែរ ដែលមានរយៈពេលមិនដល់ពីរខែផង បន្ទាប់ពីលោកត្រាំ បានធ្វើជាសាក្សីនៃរដ្ឋាភិបាលទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅទីក្រុងកូឡាឡាំពួរ។ បើ​តាម​តួ​លេខ​ពី​ AFP ប្រជាជនជាងកន្លះលាននាក់នៅក្នុងប្រទេសកម្ពុជា និងថៃ បាន​បន្ត​​ភៀស​ខ្លួន​​​ទៅ​កាន់​​វត្តអារាម សាលារៀន និងជម្រក​បណ្តោះអាសន្ន គិត​ត្រឹម​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២៥។​

រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានជំរុញ​ឲ្យ​មាន «ការបញ្ឈប់អរិភាពជាបន្ទាន់» ហើយបានអំពាវនា​វ​ឲ្យភាគីទាំងពីរវិលត្រឡប់ទៅរកក្របខ័ណ្ឌសន្តិភាពថ្ងៃទី២៦​ខែតុលា។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោកត្រាំ ប្រកាសថា លោកនឹងទាក់ទង​ទៅមេដឹកនាំកម្ពុជានិងថៃ ដើម្បីបញ្ចប់សង្គ្រាម។

លោកត្រាំ តែងតែលើកឡើងពីកិច្ចព្រមព្រៀងកម្ពុជា–ថៃ និងកុងហ្គោ–រវ៉ាន់ដា ក្នុងចំណោមកិច្ចព្រមព្រៀងចំនួន៧ឬ៨ ដែលលោកអះអាងថា បានបង្ហាញពីកំណត់ត្រារបស់លោកក្នុងនាមជា «ប្រធានាធិបតីសន្តិភាព»។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតផ្សេងទៀតដែលលោកត្រាំ បានលើកតម្កើង រួមមាន ឥណ្ឌា និងប៉ាគីស្ថាន អាមេនី និងអាស៊ែបៃហ្សង់ អ៊ីស្រាអែល និងអ៊ីរ៉ង់ កូសូវ៉ូ និងស៊ែប៊ី និងអេហ្ស៊ីប និងអេត្យូពី ជា​ដើម៕

ព័ត៌មានទាក់ទង