ព្យុះមូសុងជាមួយខ្យល់បក់ខ្លាំង កំពុងបោះពួយទៅវាយប្រហារភាគខាងត្បូងប្រទេសថៃ ខណៈខេត្តដែលនឹងប៉ះពាល់ខ្លាំងបំផុតគឺ Phatthalung, Pattani, Yala, Narathiwat, Trang និង Satun។
យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃ, ព្យុះនេះកើតឡើងនៅ២៤ម៉ោងក្រោយ ដោយសារតែ ឥទ្ធិពលនៃ ខ្យល់មូសុងឦសាន ដែលមានកម្លាំងខ្លាំងគ្របដណ្ដប់លើ ឈូងសមុទ្រថៃខាងលើ និង សមុទ្រអាន់ដាម៉ាន់។
បាតុភូតនេះ នឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់រហ័សនិងបំណាក់ដី ដែលបង្កជាគ្រោះថ្នាក់ដល់ជីវិត ជាពិសេសអ្នករស់នៅតាមតំបន់ភ្នំ។
ស្របពេលជាមួយគ្នានោះ នាយកដ្ឋានឧតុនិយមថៃ ក៏ព្រមានផងដែរដល់អ្នកនៅសមុទ្រ សូមកុំចេញទូលឲ្យសោះបើមិនចាំបាច់ ព្រោះថា ទឹករលកបានឈានដល់កម្ពស់ ២ទៅ៣ ម៉ែត្រឯណោះ។
ព្យុះនេះកើតឡើង ក្រោយពេលភាគខាងត្បូងប្រទេសថៃ ជាពិសេសស្រុក ហាតយ៉ៃ នៃខេត្ត សុងក្លា ទើបតែធូរស្រាលប៉ុណ្ណោះ ពីគ្រោះទឹកជំនន់ដ៏សាហាវ ដែលសម្លាប់មនុស្សរាប់រយនាក់។
ផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃ, តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងប្រទេស គឺមានចំនួន២៦៧នាក់។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងបាងកក នៅតែរងការស្តីបន្ទោសពីពលរដ្ឋ ជុំវិញរឿងលាក់តួលេខ ខណៈអ្នកជំនាញសន្និដ្ឋានថា ចំនួនមនុស្សស្លាប់ពិតប្រាកដ អាចដល់ខ្ទង់ពាន់ឯណោះ៕


