លោក នេត្រ ភត្ត្រា ហាមអ្នកកាសែតកុំប្រើប្រាស់សម្លៀកបំពាក់ និងសម្ភារស្រដៀងកងទ័ព ដែលអាចគ្រោះថ្នាក់ដល់ខ្លួន

ភ្នំពេញ៖ អ្នកសារព័ត៌មាន ភាគច្រើនបានអនុវត្តស្ដង់ដារសុវត្ថិភាពត្រឹមត្រូវហើយ ប៉ុន្តែនៅតែមានមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់អនុវត្តបានល្អ។ នោះគឺការស្លៀកពាក់ និងប្រើប្រាស់សម្ភារផ្ទាល់ខ្លួន ដែលបង្កហានិភ័យជាយថាហេតុណាមួយដល់ខ្លួនឯង។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានសរសេរលើហ្វេសប៊ុក នាថ្ងៃទី២០ ធ្នូ។

លោក នេត្រ ភក្ត្រា បានសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួនបានប្រើប្រាស់សម្លៀកបំពាក់ ឬមួក និងសម្ភារមួយចំនួន ដែលស្រដៀងនឹងឯកសណ្តាន និងសម្ភារកងទ័ព ដែលអាចបង្កើតឱ្យមានការយល់ច្រឡំ ឬធ្វើឱ្យសត្រូវឈ្លានពានគិតថាជាកងទ័ព។ វាក៏អាចបង្កគ្រោះថ្នាក់ណាមួយ ដល់អ្នកសារព័ត៌មានទៀតផង។

«ដើម្បីបញ្ជៀសនូវរាល់ហានិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយចំពោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ រួមនឹងបងប្អូនប្រជាពលរដ្ឋ ដូច្នេះគួរបងប្អូនចៀសវាងការប្រើប្រាស់សម្លៀកបំពាក់ សម្ភារដែលមានពណ៌ស្រដៀងនឹងកងកម្លាំងប្រដាប់អាវុធ»។ នេះបើតាមរដ្ឋមន្រ្តីព័ត៌មាន។

លោក នេត្រ ភក្ត្រា ស្នើឱ្យអ្នកសារព័ត៌មានបន្តគោរពនូវស្តង់ដារសុវត្ថិភាពការពារខ្លួន ពេលចុះបំពេញភារកិច្ចយកព័ត៌មាននៅតាមទីតាំងនានា ដែលមានការប្រយុទ្ធគ្នា ដូចជាពាក់អាវកាក់ និងមួកមានសញ្ញា«សារព័ត៌មាន»ឬ«PRESS»។ លោក បន្ថែមថា៖«ខ្ញុំសូមលើកទឹកចិត្តនិងជំរុញបងប្អូនអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវវិធានការនេះ។ ករណីបងប្អូនសារព័ត៌មានត្រូវការអាវកាក់«សារព័ត៌មាន» សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន»។

យោងយោងតាមច្បាប់ ជនស៊ីវិលគ្រប់រូប មិនត្រូវបានអនុញ្ញាតដាច់ខាតឱ្យស្លៀកពាក់ ឬប្រើប្រាស់នូវ ឯកសណ្ឋានកងទ័ព ឯកសណ្ឋានសមត្ថកិច្ច ឬសម្លៀកបំពាក់ដែលមានលក្ខណៈស្រដៀងទៅនឹងឯកសណ្ឋានកងទ័ព ឬឯកសណ្ឋានសមត្ថកិច្ចឡើយ។ ដូច្នេះសូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងអនុវត្តឱ្យម៉ត់ចត់។ លោករដ្ឋមន្រ្តីព័ត៌មាន បន្ថែម៕

ព័ត៌មានទាក់ទង