ថៃវាយប្រហារខ្លាំងក្នុងភូមិសាស្ត្រថ្មដា ដោយប្រើF-16 ទម្លាក់គ្រាប់បែកនៅអគារពាណិជ្ជកម្ម និងបឋមសិក្សា

ចូលដល់ថ្ងៃទី១៤ហើយ យោធាថៃនៅតែបន្តវាយប្រហារកម្ពុជាយ៉ាងគឃ្លើនដោយសព្វាវុធធុនធ្ងន់គ្រប់ប្រភេទ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា នៅម៉ោង ១១:០១នាទី-១១:១៦នាទីព្រឹកថ្ងៃទី២០ ធ្នូនេះ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន៣គ្រាប់ មកលើទីតាំងអគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅក្នុងភូមិសាស្ត្រច្រកព្រំដែនជ័យជំនះ និងទម្លាក់ចំនួន២គ្រាប់ទៀត កម្ទេចសាលាបឋមសិក្សា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២០ ធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិបានរៀបរាប់យ៉ាងលម្អិតពីស្ថានការណ៍ដែលយោធាថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជានៅយោធភូមិភាគទី៤ និងទី៥ ដែលមកទល់ពេលនេះគឺមានរយៈពេល១៤ថ្ងៃហើយ។

ស្ថានការណ៍ជួរមុខក្នុងទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់

ភាគីថៃនៅតែបន្តបាញ់ប្រហារមកលើកម្ពុជា គិតត្រឹមម៉ោង៨ព្រឹកដល់៣រសៀលថ្ងៃទី២០ ធ្នូ នេះ ។ ដោយនៅក្នុងម៉ោង៨:១៣នាទីព្រឹក យោធាថៃបានបាគ់ផ្លោងចូលក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់។ ម៉ោង៩:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលមានចូលជ្រៅរហូតដល់ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ (ចូលរហូតដល់ជើងភ្នំ១៥០០)។

ចាប់ពីម៉ោង៩:៣០នាទី-៩:៥៥នាទីព្រឹកថ្ងៃទី២០ ខែធ្នូ យោធាថៃ បន្តបាញ់ផ្លោងកាំភ្លើងធំក្នុងចូលភូមិសាស្ត្របឹងត្រកួន។ ចាប់ពីម៉ោង៩:៥៩នាទី-១១:៣០នាទី យោធាថៃបានបន្តបាញ់ផ្លោងកាំភ្លើងធំ ចូលក្នុងភូមិសាស្ត្របឹងត្រកួនបន្ថែមទៀត។ ម៉ោង១០:៣០នាទី បានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលក្នុងដែនអាកាសអធិបតេយ្យរបស់កម្ពុជា ក្នុងភូមិសាស្រ្តថ្មដា។

ម៉ោង ១១:០១នាទី-១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន៣គ្រាប់ មកលើទីតាំងអគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅក្នុងភូមិសាស្ត្រច្រកព្រំដែនជ័យជំនះ។ ក្នុងរយៈពេលដូចគ្នានេះ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ កម្ទេចសាលាបឋមសិក្សា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ម៉ោង១១:១៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រឃុំថ្មដា។ ម៉ោង១២:៣៨នាទី យោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួន។ ម៉ោង១:០៤នាទីរសៀល យោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រព្រៃចាន់។ ម៉ោង១:៤៣នាទីរសៀល យោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួន។

ម៉ោង២:១០នាទីរសៀល យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រច្រកជ័យជំនះ។ ម៉ោង២:១៥នាទីរសៀល យោធាថៃ បានបាញ់ផ្លោងកាំភ្លើងធំ ១៥៥មម ចំនួន២គ្រាប់ចូលក្នុងភូមិសាស្រ្តស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ៖ « នេះ គឺជាទីតាំងប្រជុំជនមានប្រជាជនស៊ីវិលរស់នៅច្រើនកុះករ»។

ស្ថានការណ៍ជួរមុខក្នុងទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ភាគីថៃនៅតែបន្តបាញ់ប្រហារមកលើកម្ពុជា គិតត្រឹមម៉ោង៨ព្រឹកដល់៤រសៀលថ្ងៃទី២០ ធ្នូនេះ។ ដោយគិតត្រឹមម៉ោងជិត៣រសៀលថ្ងៃនេះ យោធាថៃនៅតែបន្តបាញ់ប្រហារ ដោយប្រើកាំភ្លើងធំ កាំភ្លើងយន្តបំពាក់លើរថក្រោះនៅក្នុងភូមិសាស្ត្រភ្នំខ្មោច និងជាំតែ។

ម៉ោង៤រសៀលថ្ងៃទី២០ ធ្នូ យោធាថៃ បានបន្តបាញ់កាំភ្លើង DK-106 និងកាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ។

ចំពោះស្ថានការណ៍ក្នុងភូមិសាស្ត្រដទៃទៀត នៅមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជានៅតែបន្តឈរជើង និងតាមដានដោយចិត្តទុកដាក់ខ្ពស់បំផុត។

អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្តោតតែទៅលើយោធាថៃប៉ុណ្ណោះ។ ប៉ុន្តែចំពោះភាគីថៃ ដែលបានធ្វើសកម្មភាពវាយប្រហារមកលើទីតាំងស៊ីវិលរបស់កម្ពុជា និងបានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជា បានបាត់បង់ជីវិត និងរបួសជាច្រើននាក់ រួមទាំងបង្កឱ្យខូចខាតដល់ទីតាំងស៊ីវិល ទីតាំងសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងដែនអធិបតេយ្យកម្ពុជាច្រើនរាប់មិនអស់។

រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន មិនងាករេ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ពីមួយថ្ងៃទៅមួយថ្ងៃ យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ដែលមានសមត្ថភាពបំផ្លាញខ្ពស់ចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ រួមមាន៖ យន្តហោះចម្បាំង F-16 រថយន្តបាញ់រ៉ុកកែត DTI-2 ដ្រូនទម្លាក់គ្រាប់បែក បាញ់ផ្សែងពុល គ្រាប់បែកចង្កោម និងការដាក់ពង្រាយទាហានយ៉ាងច្រើនលើសលប់ ក្នុងការឈ្លានពានទឹកកម្ពុជា។ ការឈ្លានពានរបស់យោធាថៃបានធ្វើឱ្យពលរដ្ឋស៊ីវិលកម្ពុជាចំនួន១៨នាក់បាត់បង់ជីវិត (ក្នុងនោះមានទារកម្នាក់) និងមានអ្នករបួសកើនដល់៧៩នាក់។

ម្តងហើយម្តងទៀត យោធាថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកុលដើម្បីលាក់បាំងទង្វើឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យ និងបូរណភាពទឹកកម្ពុជា ដោយបំពានយ៉ាងកំរោលទៅលើច្បាប់អន្តរជាតិ។ ទង្វើរបស់យោធាថៃនេះ គឺជារំលោភបំពានយ៉ាងច្បាស់ក្រឡែត មិនអាចប្រកែងបានចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញាអាស៊ាន និងគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ៖ « សកម្មភាពដែលគ្មានទំនួលត្រូវ និងខុសច្បាប់បែបនេះ បានបង្កឱ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរមិនត្រឹមតែសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នានប់អន្តរជាតិទាំងមូលផងដែរ។»។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានលើសេចក្តីថ្លែងការរួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលឃោរឃៅរបស់ខ្លួនមកលើកម្ពុជា។

កម្ពុជា អំពាវនាវឱ្យថៃបញ្ឈប់អរិភាពជាបន្ទាន់ដោយត្រូវដកកម្លាំងចេញពីទឹកដីកម្ពុជា និងចៀសវាងពីសកម្មភាពឈ្លានពាន និងការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថា គិតមកដល់ម៉ោនេះ វីរកងទ័ព វីរនគរបាលជាតិកម្ពុជា បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មួសមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្មាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួរនាទីរបស់ខ្លូន ដើម្បីការពារទឹកដីរបស់កម្ពុជា។

« យើងក៏បញ្ជាក់ជូនផងដែរនូវសិទ្ធិស្វ័យការពារដែនធិបតេយ្យរបស់យើង ដូចមានចែងក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។»។ នេះជាការលើកឡើងជាថ្មីរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែលពលរដ្ឋទាំងអស់សូមជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ព វីរនគរបាលដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់ជាមួយសត្រូវឈ្លានពាន៕

ព័ត៌មានទាក់ទង