កម្ពុជាស្អប់សង្គ្រាម! កម្ពុជា សង្ឃឹមថា នឹងទទួលបានសន្តិភាពវិញ តាមរយៈកិច្ចប្រជុំថ្ងៃនេះ

ជាង២សប្តាហ៍ហើយ ដែលថៃ បើកការឈ្លានពានទ្រង់ទ្រាយធំលើប្រទេសកម្ពុជា ដើម្បីបំពេញមហិច្ឆតារបស់ខ្លួនមិនខ្វល់ច្បាប់អន្តរជាតិ។

ថៃបានប្រើវិធីគ្រប់បែបយ៉ាង មានទាំងបាញ់ផ្សែងពុលនិងប្រើយន្តហោះ F-16 វាយប្រហារលើតំបន់ស៊ីវិល បង្កទុក្ខវេទនាយ៉ាងសោកសង្រេងដល់ពលរដ្ឋស្លូតត្រង់ទាំងក្មេងទាំងចាស់ ជាពិសេសកុមារៗដែលត្រូវរត់ភៀសសឹក លែងបានចូលរៀនកាត់ផ្តាច់ការអប់រំ។

ក្នុងនាមអ្នកស្រឡាញ់សន្តិភាព ពលរដ្ឋកម្ពុជាបានបង្ហាញទៅពិភពលោកថា ខ្លួនស្អប់សង្គ្រាមណាស់ ហើយពេលនេះកំពុងមានសង្ឃឹមយ៉ាងមុតមាំថា ខ្លួននឹងទទួលបានយុត្តិធម៌និងមានសន្តិភាពវិញតាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។

ដោយមានការចូលរួមទាំងពីសំណាក់ភាគីអាមេរិកនិងចិនផងនោះ កិច្ចប្រជុំដែលរៀបចំឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃចន្ទទី២២ខែធ្នូឆ្នាំ២០២៥នេះ នឹងក្លាយជាវេទិកា នាំឲ្យស្ថានការណ៍កម្ពុជា-ថៃ ធូរស្រាល កាត់បន្ថយភាពតានតឹង ឈានឆ្ពោះទៅរកបទឈប់បាញ់ជាផ្លូវការ។

ក្រៅពីកម្ពុជា-ថៃ រដ្ឋជាសមាជិកអាស៊ានផ្សេងទៀត បានបញ្ជាក់រួចហើយពីការបញ្ជូនតំណាងជាន់ខ្ពស់ ចូលរួមក្នុងកិច្ចប្រជុំនេះ។

មុននេះដែរ ក្នុងនាមប្រធានអាស៊ាន, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យថា លោកបានជជែកជាមួយថ្នាក់ដឹកនាំកម្ពុជា-ថៃ ដើម្បីស្វែងរកផ្លូវដ៏ល្អបំផុត ឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង ដោយជំរុញឲ្យមេដឹកនាំទាំងពីរ ងាកមកប្រើប្រាស់ការសន្ទនា បញ្ញាញាណ និងការគោរពគ្នាទៅវិញទៅមកវិញ ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

លោក អាន់វ៉ាសរសេរថា៖ «កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នឹងបម្រើជាវេទិកាមួយដ៏សមស្រប និងប្រកបដោយស្ថាបនា សម្រាប់ប្រទេសទាំងពីរក្នុងការចូលរួមក្នុងកិច្ចសន្ទនាដោយចំហ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងឈានឆ្ពោះទៅដល់ដំណោះស្រាយមួយដែលយុត្តិធម៌និងយូរអង្វែង»៕

ព័ត៌មានទាក់ទង