យោងតាមសេចក្តីព្រាងរបាយការណ៍របស់មន្ទីរបញ្ចកោណ ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបានកាលពីថ្ងៃទី២២ខែធ្នូឆ្នា២០២៥ ប្រទេសចិនទំនងជាបានដាក់បញ្ចូលមីស៊ីលអន្តរទ្វីប (ICBM) ជាង១០០គ្រាប់ ទៅក្នុងតំបន់បាញ់បង្ហោះថ្មីចំនួនបីដែលទើបសាងសង់រួច។
របាយការណ៍បានលើកឡើងថា ទីក្រុងប៉េកាំងបានដាក់ពង្រាយមីស៊ីលឥន្ធនៈរឹងប្រភេទ DF-31 នៅក្នុងបរិវេណឡូ (silo) ក្បែរព្រំដែនចិន-ម៉ុងហ្គោលី ដែលនេះជាការបង្ហាញពីការពង្រីកកម្លាំងនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស បើទោះបីជាផលិតកម្មក្បាលគ្រាប់សរុបមានការថយចុះក្នុងឆ្នាំ២០២៤ក៏ដោយ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ស្តុកអាវុធនុយក្លេអ៊ែររបស់ចិនមានចំនួនក្នុងរង្វង់ជាង៦០០គ្រាប់កាលពីឆ្នាំមុន ប៉ុន្តែត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី១០០០គ្រាប់នៅត្រឹមឆ្នាំ២០៣០។
ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានធ្វើអត្ថាធិប្បាយនាពេលថ្មីៗនេះ អំពីលទ្ធភាពនៃការពិភាក្សាលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយចិន និងរុស្ស៊ីក៏ដោយ ក៏មន្ទីរបញ្ចកោណបានវាយតម្លៃថា ទីក្រុងប៉េកាំង«នៅតែបន្តបង្ហាញថាខ្លួនមិនមានបំណង» ក្នុងការចូលរួមពិភាក្សាអំពីការត្រួតពិនិត្យអាវុធឡើយ។
សេចក្តីព្រាងរបាយការណ៍នេះក៏បានព្រមានផងដែរថា ប្រទេសចិនមានគោលដៅពង្រឹងសមត្ថភាពក្នុងការប្រយុទ្ធ និងយកឈ្នះក្នុងសង្គ្រាមលើកោះតៃវ៉ាន់ឲ្យបានត្រឹមឆ្នាំ២០២៧ រួមទាំងការប្រើប្រាស់ការវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលអាចបង្កជាបញ្ហាប្រឈមដល់កងកម្លាំងអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ដោយឡែក ប្រទេសចិនបានអះអាងថា គោលនយោបាយនុយក្លេអ៊ែររបស់ខ្លួនគឺក្នុងគោលបំណងការពារខ្លួន និងប្រកាន់ខ្ជាប់នូវការសន្យាថា«មិនប្រើប្រាស់មុន (no-first-use)» ព្រមទាំងបានច្រានចោលរបាយការណ៍របស់អាមេរិក ដោយចាត់ទុកថាជាការប៉ុនប៉ងបំភាន់សហគមន៍អន្តរជាតិ។ មន្ទីរបញ្ចកោណបានបដិសេធផ្តល់ការអត្ថាធិប្បាយ ដោយកត់សម្គាល់ថា របាយការណ៍នេះអាចនឹងមានការផ្លាស់ប្តូរ មុនពេលដាក់ជូនសភា៕


