ធ្លាក់យន្តហោះកងទ័ពជើងទឹកម៉ិកស៉ិក នៅក្បែរឆ្នេរអាមេរិក សម្លាប់មនុស្ស៥នាក់

(ម៉ិកស៉ីកូ)៖ កាលពីថ្ងៃចន្ទ ទី២២ ខែធ្នូ កងទ័ពជើងទឹកនៃប្រទេសម៉ិកស៉ិកបានឱ្យដឹងថា មនុស្សយ៉ាងហោច៥នាក់បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះ១គ្រឿងរបស់ខ្លួន បានធ្លាក់ចូលក្នុងសមុទ្រនៅក្បែរឆ្នេររដ្ឋ Texas របស់សហរដ្ឋអាមេរិក អំឡុងពេលបំពេញប្រតិបត្តិការមនុស្សធម៌។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កងទ័ពជើងទឹកម៉ិកស៉ិក បាននិយាយថា មានមនុស្សសរុប៨នាក់ ធ្វើដំណើរនៅលើយន្តហោះនោះ។ មនុស្ស៥នាក់បានស្លាប់ ខណៈ​២នាក់បានរួចរស់ជីវិត ហើយម្នាក់ទៀតនៅបន្តបាត់ខ្លួន។ ឧបទ្ទវហេតុនោះបានកើតឡើង ស្របពេលដែលយន្តហោះ កំពុងឆ្ពោះមក​ទីក្រុង Galveston របស់រដ្ឋ Texas ដើម្បីចុះចត។

គួរបញ្ជាក់ថា យន្តហោះខាងលើត្រូវបានអះអាងថា ស្ថិតក្នុងបេសកកម្មសង្រ្គោះបន្ទាន់ ក្រោមការសហការជាមួយ​អង្គការម៉ិកស៉ិកមួយ ដែលមើលថែទាំកុមាររងរបួសស្នាមរលាកធ្ងន់ធ្ងរ៕

ព័ត៌មានទាក់ទង