លោក ត្រាំ ប្រកាសបង្កើតនាវាចម្បាំងជំនាន់ថ្មី ដាក់ឈ្មោះខ្លួនឯង «Trump-Class»

«Trump-class នឹងក្លាយជានាវាបំពាក់ប្រដាប់អាវុធធំជាងគេក្នុងប្រវត្តិសាស្ត្រអាម៉េរិក និងធំជាងគេបំផុតមិនធ្លាប់ត្រូវបានសាងសង់ក្នុងប្រវត្តិសាស្ត្រពិភពលោក»។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងនៅនិវេសន្ឋាផ្ទាល់ខ្លួន Mar-a-Lago នៅរដ្ឋ Florida នៅថ្ងៃទី ២២ ខែធ្នូ។ លោកលើកឡើងថា នេះនឹងជាកងនាវាលឿនជាង និងខ្លាំងជាង១០០ ដងបើប្រៀបនឹងកងនាវាណាមុនៗ»។

កងនាវាថ្មីនេះ មានរូបរាងនិងប្រដាប់អាវុធស្រដៀងគ្នានឹងគម្រោងនាវាចម្បាំង និងនាវាពិឃាតប្រដាប់អាវុធធំៗដែលប្រទេសជាច្រើនកំពុងអភិវឌ្ឍនៅពេលបច្ចុប្បន្ន។

នាវាប្រយុទ្ធក្នុងប្រភេទ Trump-class នឹងមានទំងន់ផ្ទុកពេញ៣០-៤០ពាន់តោន បំពាក់ដោយប្រភេទកាំភ្លើងធំ និងមីស៊ីលកម្រិតខ្ពស់បំផុត ហើយមានបំពាក់បញ្ញាសិប្បនិម្មិតផងដែរ។ រូបភាពគំនូរនៅ Mar-a-Lago បង្ហាញនាវាក្នុងកងមួយនេះ ដោយមានឈ្មោះថា USS Defiant។

«ខ្ញុំនឹងរួមគ្នាជាមួយកងទ័ពជើងទឹករចនាកងនាវានេះ ព្រោះខ្ញុំជាមនុស្សដែលចាប់អារម្មណ៍ខ្លាំងលើសោភ័ណភាព»។ លោក ត្រាំ អះអាងដូច្នេះ។

បើតាមលោកប្រធានាធិបតី ត្រាំ ទីក្រុងវ៉ាស៊ីនតោននឹងសាងសង់នាវាថ្មី២គ្រឿងក្នុងដំណាក់កាលដំបូង បន្ទាប់មកសាងសង់បន្ថែម ៨ គ្រឿងទៀត។ លោករំពឹងថា កងទ័ពជើងទឹកនឹងទទួលបាននាវាសរុប ២០-២៥ គ្រឿងក្នុងកងថ្មីនេះ ដោយបង្កើតជាកងនាវាមាសតែម្ដង៕

ព័ត៌មានទាក់ទង