សហរដ្ឋអាមេរិកបានបើកការវាយប្រហារអាកាសយ៉ាងសាហាវ និងខ្លាំងក្លាបំផុត លើក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់សកម្មប្រយុទ្ធជាច្រើននាក់
តាមបញ្ជាលោក ដូណាល់ ត្រាំ! សហរដ្ឋអាមេរិកបានបើកការវាយប្រហារអាកាសយ៉ាងសាហាវ និងខ្លាំងក្លាបំផុត លើក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់សកម្មប្រយុទ្ធជាច្រើននាក់។
តាមការផ្សាយរបស់ BBC, ប្រតិបត្តិការដ៏សាហាវនេះធ្វើឡើងនៅថ្ងៃសុក្រទី២៦ខែធ្នូឆ្នាំ២០២៥ (កាលបរិច្ឆេទនៅកម្ពុជា) ក្នុងរដ្ឋ Sokoto ភាគពាយព្យ។
ក្នុងសេចក្តីប្រកាសអំពីការវាយប្រហារនេះ ប្រមុខសេតវិមាន បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា៖ «យប់នេះ តាមបញ្ជារបស់ខ្ញុំ ក្នុងនាមមេបញ្ជាការកំពូល សហរដ្ឋអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លានិងសាហាវបំផុតប្រឆាំងក្រុម ISIS ដែលជាពួកភេរវករតិរច្ឆាន នៅភាគពាយព្យប្រទេសនីហ្សេរីយ៉ា ព្រោះពួកគេបានកំណត់គោលដៅនិងសម្លាប់យ៉ាងសាហាវឃោរឃៅលើគ្រិស្តសាសនិកដ៏ស្លូតត្រង់ ក្នុងកម្រិតមួយដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំឬសូម្បីតែរាប់សតវត្សរ៍មកនេះ!»។
ការវាយប្រហារនេះកើតឡើងជាងមួយខែ បន្ទាប់ពីមេដឹកនាំអាមេរិកគំរាមធ្វើសកម្មភាពយោធា នៅនីហ្សេរីយ៉ា ដោយចោទថា រដ្ឋាភិបាលទីក្រុងអាប៊ូហ្សា មិនអើពើសោះ នឹងការសម្លាប់គ្រិស្តសាសនិក ពីសំណាក់ក្រុមភេរវករឥស្លាម។
ដ្បិតមានការព្រមានដូច្នេះ តែក្រុម ISIS នៅតែផ្គើនសម្តីលោកត្រាំ ហើយបន្តវាយប្រហារគ្រិស្តសាសនិក មិនដកដៃ ធ្វើឲ្យប្រធានាធិបតីអាមេរិក អស់ការអត់ធ្មត់។
សូមជម្រាបជាថ្មី ក្រុមឥស្លាមនានា តែងតែវាយប្រហារសហគមន៍គ្រិស្តសាសនិកនៅភាគឦសាននិងតំបន់ផ្សេងទៀតនៃប្រទេសនីហ្សេរីយ៉ា។ ពួកគេមានគោលដៅបង្កើតរដ្ឋឥស្លាមនិយមជ្រុល ហើយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបំផ្លាញព្រះវិហារជាច្រើន។
ទន្ទឹមនោះ ការចាប់ជំរិតដោយក្រុមប្រដាប់អាវុធ បានកើនឡើងយ៉ាងគំហុកនៅទូទាំងប្រទេសនេះ។ ពោលគឺចាប់ចំណាប់ខ្មាំងដើម្បីទារលុយលោះ ដោយរួមទាំងអាចារ្យនិងអ្នកកាន់សាសនាគ្រិស្តផងដែរ។
យោងតាមប្រភពពីអង្គការក្រៅរដ្ឋាភិបាល Intersociety, បើគិតចាប់ពីឆ្នាំ២០០៩ដល់ខែសីហាឆ្នាំ២០២៥ គ្រិស្តសាសនិក ១២៥ ០០៩នាក់ ត្រូវបានសម្លាប់នៅនីហ្សេរីយ៉ា៕



