ក្រុង​វ៉ាស៊ីនតោន​ត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលកិច្ចពិភាក្សារវាងប្រទេសកម្ពុជា និងថៃ

ក្រសួងការបរទេស​អាមេរិកបានប្រកាសកាល​ពី​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ឆ្នាំ​២០២៥​ថា ក្រុង​វ៉ាស៊ីនតោន​ត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលកិច្ចពិភាក្សារវាងប្រទេសកម្ពុជា និងថៃ ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នាតាមព្រំដែនដែលបង្ក​ឲ្យ​មានមនុស្សស្លាប់អស់រយៈពេលជាច្រើនសប្តាហ៍​មក​នេះ និងដើម្បីស្តារស្ថិរភាពឡើងវិញ។

យោង​តាម Bloomberg រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងពីការផ្តល់ជូននេះ ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបានបញ្ជាក់សាជាថ្មីនូវបំណងប្រាថ្នារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​ចង់ឲ្យមានសន្តិភាពរវាងប្រទេសជិតខាងទាំងពីរនៅអាស៊ីអាគ្នេយ៍។

អ្នកនាំពាក្យក្រសួងការបរទេស លោក Tommy Pigott បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «អាមេរិកត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលកិច្ចពិភាក្សា ដើម្បីធានាឲ្យមានសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ»។

តាមរយៈមន្ត្រីជំនាញ កម្ពុជានិងថៃបានបើកកិច្ចចរចាលើកដំបូងរបស់ខ្លួន​នៅ​ក្នុង​សប្ដាហ៍​នេះ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី៧​ធ្នូ ដែលបានសម្លាប់មនុស្សយ៉ាងហោច​ណាស់​ជិត​១០០​​​នាក់ និងធ្វើឲ្យប្រជាជនស៊ីវិលរាប់​សិប​ម៉ឺន​​នាក់នៅសងខាងព្រំដែនត្រូវភៀសសឹក។

ហិង្សានេះបានកើតឡើងបន្ទាប់ពីការប៉ះទង្គិចគ្នា កាលពីខែកក្កដាកន្លងទៅ ដែលបានបញ្ចប់ទៅវិញតាមរយៈបទឈប់បាញ់ក្រោមការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក បើទោះបីជាភាពតានតឹងនៅតែបន្តកើតមានតាមបណ្តោយព្រំដែនដែលមានជម្លោះក៏ដោយ៕

 

ព័ត៌មានទាក់ទង