ស្ថានទូតម៉ាឡេស៊ី បានចេញការព្រមាន ដល់ពលរដ្ឋខ្លួនដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ សូមកុំធ្វើដំណើរទៅព្រំដែនកម្ពុជា ខណៈថៃ បាញ់មិនដកដៃ

ស្ថានទូតម៉ាឡេស៊ី នៅទីក្រុងភ្នំពេញ បានចេញការព្រមាន ដល់ពលរដ្ឋខ្លួនដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ សូមកុំធ្វើដំណើរទៅខេត្តព្រំដែនកម្ពុជានៅជាប់ប្រទេសថៃឲ្យសោះ ព្រោះតែការវាយប្រហារឥតដកដៃរបស់ថៃ លើកម្ពុជា។

តាមការផ្សាយរបស់ The Star កាលពីថ្ងៃសុក្រទី២៦ខែធ្នូឆ្នាំ២០២៥, ស្ថានទូតបានចេញសេចក្តីណែនាំអំពីការធ្វើដំណើរលើទំព័រ Facebook ថា៖ «ប្រជាពលរដ្ឋម៉ាឡេស៊ីនៅក្នុងប្រទេសកម្ពុជា ត្រូវបានណែនាំឲ្យតាមដានព័ត៌មានតាមរយៈប្រភពព័ត៌មានដែលគួរឲ្យទុកចិត្តបាន និងអនុវត្តតាមឲ្យបានខ្ជាប់ខ្ជួននូវការណែនាំ និងការជូនដំណឹងនានា ដែលចេញដោយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នរដ្ឋាភិបាល»។

សម្រាប់ខេត្តដែលស្ថានទូតម៉ាឡេស៊ីដាក់ក្នុងសេចក្តីណែនាំចៀសវាងការធ្វើដំណើរទៅនោះមានដូចជា៖ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង កោះកុង និងពោធិ៍សាត់។

សូមជម្រាបថា ប្រទេសថៃបានបើកការឈ្លានពានកម្ពុជាជាថ្មី កាលពីដើមខែនេះ បន្ទាប់ពីបទឈប់បាញ់ខែកក្កដានិងកិច្ចព្រមព្រៀងសន្តិភាពខែតុលា ត្រូវថៃបំពាននិងហែកចោល។

សកម្មភាពឈ្លានពានរបស់ថៃ បណ្តាលឲ្យបលរដ្ឋកម្ពុជាជាង៣០នាក់ បាត់បង់ជីវិតនិងរាប់ម៉ឺននាក់ទៀត ត្រូវរត់ភៀសខ្លួន៕

ព័ត៌មានទាក់ទង