មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមានប្រសាសន៍ថា ប្រទេសរបស់លោក និងរុស្ស៊ីបានរួម«លោហិតស្លាប់រស់ជាមួយគ្នា» ក្នុងសង្គ្រាមនៅអ៊ុយក្រែន
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមានប្រសាសន៍ថា ប្រទេសរបស់លោក និងរុស្ស៊ីបានរួម«លោហិតស្លាប់រស់ជាមួយគ្នា» ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ការលើកឡើងនេះបានសង្កត់ធ្ងន់លើចំណងមិត្តភាពយោធាកាន់តែស៊ីជម្រៅ ខណៈដែលលោកបានផ្ញើសារជូនពរឆ្នាំថ្មីទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។
នៅក្នុងសារដែលចុះផ្សាយនាថ្ងៃទី២៧ធ្នូនេះដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA លោកគីម បានពិពណ៌នាឆ្នាំ២០២៥ ថាជា «ឆ្នាំដ៏មានអត្ថន័យពិតប្រាកដ» សម្រាប់ទំនាក់ទំនងទ្វេភាគី ដោយលោកបានបញ្ជាក់ថា សម្ព័ន្ធភាពនេះត្រូវបានពង្រឹងតាមរយៈការប្រយុទ្ធ «ក្នុងលេណដ្ឋានតែមួយ»។
យោងតាមទីភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូង និងលោកខាងលិច ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពរាប់ម៉ឺននាក់ ដើម្បីគាំទ្រការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលអូសបន្លាយជិត៤ឆ្នាំមកនេះ។ កាលពីខែមេសា កូរ៉េខាងជើងបានបញ្ជាក់ជាលើកដំបូងថា ខ្លួនពិតជាបានដាក់ពង្រាយទាហានដើម្បីជួយទីក្រុងមូស្គូ ហើយបានទទួលស្គាល់ថា កងទ័ពរបស់ខ្លួនបានរងគ្រោះថ្នាក់បាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នា។
កាលពីដើមខែនេះ កូរ៉េខាងជើងក៏បានបញ្ជាក់ផងដែរថា ខ្លួនបានបញ្ជូនវិស្វករយោធាឲ្យទៅជួយបោសសម្អាតមីននៅក្នុងតំបន់ Kursk របស់រុស្ស៊ី កាលពីខែសីហាកន្លងទៅ។ លោកគីម បានលើកឡើងកាលពីថ្ងៃទី១៣ធ្នូ នៅពេលដែលអង្គភាពនោះត្រឡប់មកប្រទេសកំណើតវិញថា មានទាហានយ៉ាងហោចណាស់ ៩នាក់មកពីកងវរសេនាធំវិស្វកម្មបានបាត់បង់ជីវិត ក្នុងអំឡុងពេលនៃការដាក់ពង្រាយរយៈពេល១២០ថ្ងៃ។
សាររបស់លោកគីម ផ្ញើទៅកាន់លោកពូទីន បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានបញ្ជាឲ្យមន្ត្រីពន្លឿនការផលិតមីស៊ីល ចំពេលដែលមានការកើនឡើងយ៉ាងខ្លាំងនៃការសាកល្បងអាវុធដោយទីក្រុងព្យុងយ៉ាងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ក្រុមអ្នកវិភាគនិយាយថា ការបាញ់បង្ហោះទាំងនេះមានគោលបំណងកែលម្អសមត្ថភាពវាយប្រហារចំគោលដៅឲ្យកាន់តែច្បាស់លាស់ ដាក់សម្ពាធលើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង និងសាកល្បងប្រព័ន្ធអាវុធដែលអាចនាំចេញទៅកាន់រុស្ស៊ី។
ក្រៅពីការបញ្ជូនកងទ័ព ក្រុមអ្នកវិភាគ និងទីភ្នាក់ងារសម្ងាត់បាននិយាយថា កូរ៉េខាងជើងបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ មីស៊ីល និងប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយដល់រុស្ស៊ីផងដែរ។ ជាការឆ្លើយតប ទីក្រុងមូស្គូបានផ្តល់ជំនួយហិរញ្ញវត្ថុ បច្ចេកវិទ្យាយោធា ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពលដល់ទីក្រុងព្យុងយ៉ាងវិញ។
កិច្ចសហប្រតិបត្តិការដែលកំពុងរីកធំធាត់នេះ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ទីក្រុងវ៉ាស៊ីនតោន សេអ៊ូល និងតូក្យូ ដែលបានចោទប្រកាន់ប្រទេសទាំងពីរថាបានរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕


