រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ ចាប់ផ្តើមបើកកិច្ចប្រជុំពិសេស GBC លើកទី៣ ដើម្បីជំរុញឱ្យមានបទឈប់បាញ់ឡើងវិញ

(ប៉ៃលិន)៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ បានចាប់ផ្តើមបើកកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដើម្បីជំរុញឱ្យមានបទឈប់បាញ់ឡើងវិញ។
កិច្ចប្រជុំ បានធ្វើឡើងនៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-ទល់នឹងផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ ដែលធ្វើឡើងក្រោយពេលក្រុមលេខា GBC កម្ពុជា​-ថៃ បើកកិច្ចប្រជុំចរចាគ្នារយៈពេល៣ថ្ងៃ ដែលភាគីទាំងពីរ បានឯកភាពគ្នាលើខ្លឹមសារ នៃសេចក្តីព្រាង សេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដើម្បីដាក់ឲ្យរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ ចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូនេះ។
គិតមកដល់ពេលនេះ មានរយៈពេល២ថ្ងៃហើយ ដែលសង្គ្រាមព្រំដែន ត្រូវបានផ្ទុះឡើងបន្ទាប់ពីកងទ័ពថៃ បានឈ្លានពានកម្ពុជាជាលើកទី២ តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥។
គិតត្រឹមល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យពលរដ្ឋស៊ីវិល៣០នាក់ស្លាប់ និងរបួស៩០នាក់ ខណៈដែលមានពលរដ្ឋភៀសសឹក ៦៤៥.៩១៦នាក់ ក្នុងនោះស្ត្រី ៣៣៧.០៦៧នាក់ និងកុមារ២០៥.៣៨២នាក់៕
ព័ត៌មានទាក់ទង