រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការអុជកាំជ្រួចគ្រប់ប្រភេទ នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឡើយ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ អុជកាំជ្រួចគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ឈានចូលឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នោះឡើយ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បម្រាបនេះគឺ ដើម្បីចូលរួមរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ព្រមទាំងចៀសវាងការបង្កឱ្យមានបញ្ហាជាយថាហេតុណាមួយ។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន ស្ថាប័នឯកជន ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ ចូលរួមអនុវត្តតាម។

ទន្ទឹមគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ព័ត៌មានទាក់ទង