រុស្ស៊ី ព្រមានអាមេរិកខ្លាំងៗ ក្រោយរឹបអូសនាវាដឹកប្រេង

វិមានក្រឹមឡាំងបានចេញមកប្រតិកម្មខ្លាំងៗទៅការរឹបអូសនាវាដឹកប្រេងរុស្ស៊ីពីសំណាក់អាមេរិក ដោយក្រសួងការបរទេសនៅទីក្រុងមូស្គូព្រមានថា ការដែលយោធាអាមេរិករឹបអូសនាវាដឹកប្រេង Marinera អាចនឹងប៉ះពាល់ខ្លាំងណាស់ដល់តំបន់អឺរ៉ូ-អាត្លង់ទិកទាំងមូល និងចរាចរណ៍នាវាស៊ីវិលនៅទូទាំងពិភពលោក។

តាមការផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦ ក្រសួងបានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធសកម្មភាពប្រើកម្លាំងបាយខុសច្បាប់លើនាវាដឹកប្រេង Marinera កាលពីថ្ងៃទី៧ខែមករា។

យោងតាមមន្ត្រីនៅទីក្រុងមូស្គូ នាវានេះត្រូវបានផ្តល់សិទ្ធិឲ្យដោតទង់ជាតិរុស្ស៊ី «ស្របតាមបទដ្ឋាននៃច្បាប់អន្តរជាតិ និងច្បាប់របស់រុស្ស៊ី»។ ម្យ៉ាង អាជ្ញាធរអាមេរិកក៏ត្រូវបានជូនដំណឹងច្រើនលើកហើយដែរ តាមរយៈបណ្តាញទំនាក់ទំនងផ្លូវការថា នាវាដឹកប្រេងនេះកំពុងធ្វើនាវាចរណ៍ក្រោមទង់ជាតិរុស្ស៊ី ដូច្នេះគ្មានហេតុផលណាដែលត្រូវសង្ស័យផ្ទុយពីនេះឡើយ។

ក្រសួងកត់សម្គាល់ថា ច្បាប់សមុទ្រអន្តរជាតិចែងយ៉ាងច្បាស់ថា នាវាដែលធ្វើដំណើរក្នុងដែនទឹកអន្តរជាតិ អាចត្រូវបានបញ្ឈប់ និងត្រួតពិនិត្យបានតែក្រោមលក្ខខណ្ឌដែលកំណត់យ៉ាងតឹងរ៉ឹងបំផុតប៉ុណ្ណោះ។ លក្ខខណ្ឌទាំងនោះរួមមានការសង្ស័យពីអំពើចោរសមុទ្រ ឬការជួញដូរទាសករ ដែលចំណុចទាំងនេះមិនអាចយកមកអនុវត្តចំពោះនាវា Marinera បានឡើយ។

ទន្ទឹមនោះ រុស្ស៊ីបន្ទោសថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើតវិបត្តិអន្តរជាតិដ៏ស្រួចស្រាល រួមទាំងវិបត្តិដែលធ្វើឲ្យទំនាក់ទំនងទ្វេភាគីដែលកំពុងមានបញ្ហាស្រាប់កាន់តែអាក្រក់ទៅៗនោះ គឺជាមូលហេតុនៃការព្រួយបារម្ភបំផុត។ ហេតុការណ៍ពាក់ព័ន្ធនឹងនាវា Marinera អាចបណ្តាលភាពតានតឹងផ្នែកយោធា និងនយោបាយនៅក្នុងតំបន់អឺរ៉ូ-អាត្លង់ទិក កាន់តែក្តៅខ្លាំងថែមមួយកម្រិតទៀត។

សូមជម្រាបជាថ្មី បើយោងតាមសេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណ, នាវាដឹកប្រេង Marinera ឬមានឈ្មោះពីមុនថា Bella 1 ត្រូវបានរឹបអូសនៅក្នុងដែនទឹកក្បែរប្រទេសស្កុតឡែន ព្រោះវាបានបំពានទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ អាមេរិក បានរឹបអូសនាវានោះ ព្រោះតែវាព្យាយាមគេចពីទណ្ឌកម្ម ហើយដឹកប្រេងឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានប្រតិកម្មទៅរឿងនេះម្តងរួចមកហើយ ដោយបញ្ជាក់ថា នាវាទទួលបានលិខិតអនុញ្ញាតបណ្ដោះអាសន្នឲ្យដោតទង់ជាតិរុស្ស៊ី កាលពីថ្ងៃទី ២៤ ខែធ្នូ។ ជាក់ស្តែង សហរដ្ឋអាមេរិក បានរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលធានានូវសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងដែនទឹកអន្តរជាតិ។

តាមពិតទៅ នាវាដឹកប្រេងនេះ បានក្លាយជាប្រធានបទដែលអន្តរជាតិតាមដានមិនដាច់តាំងពីចុងឆ្នាំមុនមកម្ល៉េះ នៅពេលយោធាអាមេរិកដាក់វាជាគោលដៅ ដោយចោទថា វាបានធ្វើដំណើរចូលទៅជិតប្រទេសវ៉េណេស៊ុយអេឡា។

ពេលនោះ ក្រុមនាវិកបានបដិសេធអនុញ្ញាតឲ្យឆ្មាំសមុទ្រអាមេរិកឡើងលើនាវា រួចក៏បើកសំដៅទៅកាន់មហាសមុទ្រអាត្លង់ទិកវិញ ដោយមានកងកម្លាំងអាមេរិកដេញតាមពីក្រោយ។ ក្នុងអំឡុងពេលនៃការដេញតាមនោះ នាវានេះបានផ្លាស់ប្តូរទាំងឈ្មោះ និងទង់ជាតិរបស់ខ្លួនថែមទៀតផង៕

ព័ត៌មានទាក់ទង