ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា រយៈពេលពេញ១ឆ្នាំ២០២៥ការធ្វើពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក សម្រេចបានជាង១៣ពាន់លានដុល្លារអាមេរិក កើនឡើង២៩.២៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។
តាមរយៈទិន្នន័យនេះ បានបង្ហាញថា ១២ខែឆ្នាំ២០២៥ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម១៣.១៤ ពាន់ដុល្លារ កើនឡើង២៩.២៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ដែលមានទំហំ ១០.១៧ពាន់ លានដុល្លារ។ កម្ពុជានៅតែរក្សាបានការនាំចេញទៅអាមេរិកល្អប្រសើរ បើទោះបីជាអាមេរិកកំណត់អត្រាពន្ធបដិកាថ្មីក៏ដោយ ដោយសម្រេចបានប្រមាណ១២.៧៣ពាន់លានដុល្លារ កើនឡើង២៨.៤៨% បើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំ ៩.៩ពាន់លានដុល្លារ។ ចំណែកការនាំចូលពីអាមេរិកមកវិញ មានទំហំជាង៤១៧លានដុល្លារ កើនឡើង ៥៧.៨៣%។
មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕
ប្រភព ភ្នំពេញដេលី

