រាជរដ្ឋាភិបាលសម្រេចព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល របស់សហគ្រាសឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរ រហូតដល់ដំណាច់ឆ្នាំ២០២៨

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចព្យួរទុកការបង់ប្រាក់រំដោះពន្ធ លើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរ រហូតដល់ដំណាច់ឆ្នាំ២០២៨។ នេះបើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។

ក្នុងប្រកាសបានបញ្ជាក់ថា «ប្រកាសនេះ មានគោលបំណងព្យួរ ទុកការបង់ប្រាក់រំដោះពន្ធ លើប្រាក់ចំណូលរបស់សហគ្រាស ក្នុងវិស័យ ឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ដើម្បីឱ្យមាននិរន្តរភាព ជំរុញការនាំចេញ និងបង្កើតការងារដល់កម្មករ កម្មការិនី ព្រមទាំងប្រជាពលរដ្ឋ ដែលទទួលបានផលប្រយោជន៍ពីវិស័យនេះ»

សហគ្រាសដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ ត្រូវបានអនុគ្រោះព្យួរទុកជាបណ្តោះអាសន្ននូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ រហូតដល់ដំណាច់ឆ្នាំ២០២៨។

ដើម្បីទទួលបានការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ ដូចមានចែងក្នុងប្រការ៣ នៃប្រកាសនេះ សហគ្រាសត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១៖ កាន់បញ្ជីកាគណនេយ្យឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ និង ច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីគណនេយ្យនិងសវនកម្មជាធរមាន
២៖ ដាក់លិខិតប្រកាសសារពើពន្ធ និងបង់ប្រាក់ពន្ធអាករដទៃទៀតតាមកាលកំណត់ ដូចមានចែងក្នុង ច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន និង
៣៖ ផ្តល់របាយការណ៍សវនកម្មឯករាជ្យប្រចាំឆ្នាំជូនរដ្ឋបាលសារពើពន្ធ។

ក្នុងករណីមិនបានបំពេញតាមលក្ខខណ្ឌទាំង៣ខាងលើ សហគ្រាសនឹងត្រូវដកហូតការព្យួរទុកការបង់ ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ ព្រមទាំងត្រូវទទួលរងទណ្ឌកម្មផ្សេងៗ តាមច្បាប់ជាធរមាន៕

ព័ត៌មានទាក់ទង