ជប៉ុនបន្តផ្ទេរចំណេះដឹង និងលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ដល់កម្ពុជា

(ភ្នំពេញ)៖ ជប៉ុនបន្តផ្ទេរ និងលើកកម្ពស់បច្ចេកវិទ្យា ក្នុងវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា តាមរយៈការជួយពង្រឹងធនធានមនុស្ស និងធានាឱ្យបាននូវជំនាញឱ្យមាននិរន្តរភាព  ដើម្បីការអភិវឌ្ឍក្នុងវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់។

ថ្លែងក្នុងសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុន ២០២៦ ដែលរៀបចំឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៤-១៥ ដែលមករា ឆ្នាំ២០២៦ លោក ស៊ឹម ស៊ីថា រដ្ឋលេខាធិការ តំណាងលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ការកសាង ពង្រឹង និងរក្សាធនធានមនុស្សក្នុងវិស័យទឹកស្អាត គឺជាការចាំបាច់ ដែលត្រូវធ្វើឱ្យបានស្របគ្នា។ ជាក់ស្តែង បច្ចេកវិទ្យាអាចរីកចម្រើនបាន មិនមែនដោយសារឧបករណ៍ទំនើបតែប៉ុណ្ណោះទេ ប៉ុន្តែដោយសារមនុស្ស ដែលយល់ដឹង  អាចប្រើប្រាស់ ថែទាំ និងអភិវឌ្ឍបច្ចេកវិទ្យានោះបានយ៉ាងត្រឹមត្រូវ ជាពិសេសការផ្ទេរចំណេះដឹងពីអ្នកជំនាន់មុនទៅជំនាន់បន្ត ដែលជាចំណុចស្នូលមិនអាចមើលរំលង។

លោកបន្ថែមថា ការផ្ទេរ និងលើកកម្ពស់បច្ចេកវិទ្យា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធអនាម័យ មិនមែនជាការងាររយៈពេលខ្លី ប៉ុន្តែជាដំណើរការបន្ត ដែលទាមទារការចូលរួមពីគ្រប់ភាគី។ ប្រសិនអាចភ្ជាប់បច្ចេកវិទ្យាទំនើប ជាមួយធនធានមនុស្សដែលមានសមត្ថភាព និងប្រព័ន្ធផ្ទេរចំណេះដឹងមានប្រសិទ្ធភាព នោះនឹងអាចធានាបាននូវការផ្គត់ផ្គង់សេវាទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ដែលអាចសម្រេចបាននូវគោលដៅ SDGs ២០៣០។

បន្ថែមពីនេះ លោកលើកឡើងថាថា ដោយសារធនធានក្នុងវិស័យនេះមានចំនួនតិច ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ ដូចជា EU និង AFD ក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដោយសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការជ្រើសរើសនិស្សិតអាហារូបករណ៍ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើមុខជំនាញក្នុងវិស័យទឹកស្អាត និងប្រព័ន្ធអនាម័យ នៅតាមបណ្តាសកលវិទ្យាល័យនៅសហគមន៍អឺរ៉ុប សរុបចំនួន ៣០កន្លែង ក្នុងឆ្នាំ២០២៦។ លើសពីនេះទៀត ក្រសួងបាននិងកំពុងឮបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ក្រោមក្របខណ្ឌគម្រោងបាខែង៣ ដែលមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាម្ចាស់គម្រោង។ ដោយឡែក ក្រោមក្របខណ្ឌគម្រោងរៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន របស់ JICA ក៏បានរៀបចំផែនការអភិវឌ្ឍសមត្ថភាពសម្រាប់មន្រ្តីរាជធានី-ខេត្ត ដែលនឹងចាប់ផ្តើមធ្វើការបណ្តុះបណ្តាលក្នុងខែមករាឆ្នាំ២០២៦នេះតទៅផងដែរ។

លោក អ៊ិស៊ិអ៊ិ អនុរដ្ឋមន្រ្តីទទួលបន្ទុកផ្គត់ផ្គង់ទឹក និងប្រព័ន្ធលូ នៃក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានលើកឡើងថា ប្រព័ន្ធផ្គត់ផ្គង់ទឹក និងលូទឹកកខ្វក់របស់ប្រទេសជប៉ុនស្ថិតក្នុងចំណោមប្រព័ន្ធទំនើបបំផុតនៅលើពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រទេសជប៉ុនសម្រេចបានការគ្របដណ្តប់ទឹកស្អាតជិត ១០០% និងការផ្គត់ផ្គង់ទឹក២៤ម៉ោង តាមរយៈការអភិវឌ្ឍ និងការគ្រប់គ្រងដែលមានផែនការគ្រោងទុកយ៉ាងត្រឹមត្រូវនិងច្បាស់លាស់។

លោកបន្តថា «បទពិសោធន៍ និងបច្ចេកវិទ្យារបស់ប្រទេសជប៉ុនក្នុងការអភិវឌ្ឍ និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹក និងលូ នឹងមានប្រយោជន៍នៅក្នុងប្រទេសកម្ពុជា ហើយប្រទេសទាំងពីរនឹងអាចរៀនពីគ្នាទៅវិញទៅមក ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស និងកិច្ចខិតខំប្រឹងប្រែងផ្ទេរនិងបន្តវេននូវបច្ចេកវិទ្យា។

លោកបន្ថែមថា «ខ្ញុំសង្ឃឹមថា សិក្ខាសាលារយៈពេលពីរថ្ងៃនេះ នឹងបម្រើជាឱកាសមួយដើម្បីអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងលូ»

លោក អ៊ុអីណុ អាត់ស៊ុស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងព្រឹត្តិការណ៍នេះ នឹងរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍនាពេលអនាគតនៃប្រព័ន្ធផ្គត់ផ្គង់ទឹក និងលូទឹកស្កខ្វក់របស់ប្រទេសកម្ពុជា។

លោកបានកត់សម្គាល់ថា ប្រទេសជប៉ុនបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា លើវិស័យជាច្រើន រួមទាំងការពង្រឹងសន្តិភាព និងការកសាងប្រទេសជាតិឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់ ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍធនធានមនុស្ស។ ជាពិសេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក ដែលជាកត្តាចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជន និងការអភិវឌ្ឍឧស្សាហកម្ម ហើយជាវិស័យមួយ ដែលប្រទេសជប៉ុនបានយកចិត្តទុកដាក់បំផុត៕

ព័ត៌មានទាក់ទង