អាមេរិកប្រាប់ UN​ ជម្រើសគ្រប់យ៉ាងមាននៅលើតុ ខណៈអ៉ីរ៉ង់ព្រមានវាយបកវិញយ៉ាងចាស់ដៃ

(យូអិន)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោក Mike Waltz បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ថាសហរដ្ឋអាមេរិកឈរនៅ ជាមួយប្រជាជនអ៉ីរ៉ង់ដ៏អង់អាចក្លាហាន ហើយថាប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗរួចហើយថាជម្រើសគ្រប់យ៉ាងមានលើតុដើម្បីបញ្ឈប់ការកាប់សម្លាប់រង្គាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានគំរាមម្ដងហើយម្ដងទៀតថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ជួយក្រុមបាតុករអ៉ីរ៉ង់ជាទីដែលមនុស្សរាប់ពាន់នាក់ត្រូវបានរាយការណ៍ថាត្រូវបានសម្លាប់ក្នុងការបង្ក្រាបយ៉ាងបង្ហូរឈាម ពីសំណាក់កងកម្លាំងសន្តិសុខអ៉ីរ៉ង់។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ផងដែរ លោក ត្រាំ បានងាកមកប្ដូរគោលជំហររង់ចាំមើលស្ថានការណ៍សិន ដោយនិយាយថារូបលោកបានទទួលព័ត៌មានថាការសម្លាប់ មនុស្សត្រូវបានបញ្ឈប់ និងជឿថារបបដឹកនាំទីក្រុងតេហេរ៉ង់គ្មានផែនការព្យួរកបាតុករនោះឡើយ។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ក្នុងកិច្ចប្រជុំបន្ទាន់មួយធ្វើឡើងតាមសំណើរបស់សហរដ្ឋអាមេរិក លោក Waltz បានគូសបញ្ជាក់ថា «លោកប្រធានាធិបតី ត្រាំ ជាមនុស្សម្នាក់ហ៊ាននិយាយ ហ៊ានធ្វើ មិនមែននិយាយតែមាត់ឥតឈប់ឈរដូចដែលយើងបានឃើញនៅឯ UN នោះទេ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថាជម្រើសគ្រប់យ៉ាងមាននៅលើតុដើម្បីបញ្ឈប់ការសម្លាប់រង្គាល»។ លោក Waltz ក៏បានច្រានចោលការចោទប្រកាន់ពីអ៉ីរ៉ង់ដែរដែលថាក្រុមបាតុករអ៉ីរ៉ង់ត្រូវបានទំនុកបម្រុងដោយបរទេស។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតរងអ៉ីរ៉ង់ប្រចាំ UN ​លោក Gholamhossein Darzi បាននិយាយថាអ៉ីរ៉ង់មិនមានបំណងស្វែងរកការបង្កើនជម្លោះ ឬការប្រឈមមុខដាក់គ្នានោះទេ ហើយបាន ចោទប្រកាន់ថាលោក Waltz បាននិយាយភូតកុហក និងមានចេតនាបំភ័ន្តមតិសាធារណៈ ដើម្បីបិទបាំងការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងការដុតបញ្ឆេះបាតុកម្មនៅអ៉ីរ៉ង់។ លោក Darzi ក៏បានព្រមានដែរថាសកម្មភាពឈ្លានពាន មិនថាធ្វើឡើងដោយប្រយោល ឬដោយផ្ទាល់ នឹងត្រូវប្រឈមមុខនឹងការវាយបកវិញយ៉ាងចាស់ដៃពីអ៉ីរ៉ង់៕

ព័ត៌មានទាក់ទង