រដ្ឋាភិបាល​តែងតាំង​គណៈកម្មការ​ អភិវឌ្ឍ​ព្រលានយន្តហោះភ្នំពេញ ​ទៅជាសួនសាធារណៈ​

ប្រមុខ​ដឹក​នាំ​រាជរដ្ឋាភិបាលកម្ពុជា​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​បានសម្រេច​តែងតាំង​សមាស​ភាព​ក្រុម​ការងារអន្តរក្រសួង ដើម្បីសិក្សា​អំពីការគ្រប់​គ្រង​ និង​ប្រើប្រាស់អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ខណៈ​រដ្ឋាភិបាល​មានផែនការ​អភិវឌ្ឍព្រលានយន្តហោះនេះ ទៅជាសួនសាធារណៈ ​និងមួយ​ផ្នែក​បម្រុង​ទុកការចុះចតយន្តហោះពេលមានអាសន្ន។​ ​

​ក្រុមការងារអន្តរក្រសួងមានសមាសភាព ១៤ រូប ដឹកនាំដោយលោក ឈាង វណ្ណារិទ្ធិ ​រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ជា​ប្រធាន និងអនុប្រធាន ២ រូប គឺលោក ជា អូន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល និងលោក ផាន់ ផល្លារ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ព្រមទាំងសមាជិក ១១ រូប។​

​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធី​សម្ពោធ​អា​កាស​យាន​ដ្ឋានអន្តរជាតិតេជោ ​នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥នេះ​ថា ​រាជរដ្ឋាភិបាលគ្មាន​គម្រោង​លក់អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញនោះទេ ពោលគឺមានគោលការណ៍ចំនួន ២ ​គឺទី១ បម្រុងទុក​សម្រាប់​ការចុះចតយន្តហោះពេលមានអាសន្ន និងគ្រោងរៀបចំ​ទៅជាសួនសាធារណៈ សម្រាប់​​ប្រជាពលរដ្ឋ។ ​

​សម្ដេច ​ហ៊ុន ម៉ាណែត បន្ថែមថា៖ «​យើង​កំពុងគិតគូ​ថា ដាំដើមឈើមួយចំនួន ​កុំឱ្យប៉ះពាល់​ផ្លូវ​ហោះ​ហើរ ​ហើយពេលទៅថ្ងៃមុខ​យើងអាចបើក​ ដាំដើមឈើរដើម្បីឱ្យ​បងប្អូនទៅលេង ​រត់កីឡា អីនៅនុង ​រៀបចំតាមស្រះៗ ស្រះមានស្រាប់ហើយ ​មិនបាច់ជីកស្រះលម្អទៀតទេ ព្រោះវាមាន​កន្លែង​ស្តុកទឹក​ស្រាប់​ហើយ ប្រើវាទៅ»​។ ​

​ដោយឡែក ​នៅខាងអាគារ​ដែលមានស្រាប់ ​យើងអាចគិតគូសកម្មភាពសេដ្ឋកិច្ច​ពាណិជ្ជកម្ម​មួយ​ចំនួន ​ដើម្បីយកចំណូលទៅថែទាំ ​ចិញ្ចឹមព្រលានយន្តហោះទាំងមូល​ តែមិនលក់ឱ្យឯកជនទេ។ កន្លែងខ្លះ​ត្រូវរៀបចំជាសារមន្ទី ​ព្រោះព្រលានយន្តហោះអន្តរជាតិភ្នំពេញជា ​ព្រលាន​ប្រវត្តិសាស្ត្រ ​តាំង​ពីស្នាមព្រហស្ដរបស់សម្ដេចតា។

​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ត្រូវបានកសាងឡើង​នៅឆ្នាំ ​១៩៥៤ ​លើផ្ទៃដី ​៣៨៦ ​ហិកតា ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ៕

ព័ត៌មានទាក់ទង