រថយន្តបុកបន្តកន្ទុយគ្នាចំនួន ១០០គ្រឿង កើតឡើងនៅលើផ្លូវដែលគ្របដណ្តប់ទៅដោយព្រិល ក្នុងរដ្ឋ Michigan ភាគខាងជើងសហរដ្ឋអាមេរិក

(វ៉ាស៉ីនតោន)៖ មន្រ្តីអនុវត្តច្បាប់ បានឱ្យដឹងនាថ្ងៃចន្ទ ទី១៩ ខែមករាថា ពួកគេកំពុងសម្អាតផ្លូវ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តកន្ទុយគ្នាចំនួន ១០០គ្រឿង កើតឡើងនៅលើផ្លូវដែលគ្របដណ្តប់ទៅដោយព្រិល ក្នុងរដ្ឋ Michigan ភាគខាងជើងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប៉ូលិសរដ្ឋ Michigan និយាយថា មានអ្នករងរបួសជាច្រើនត្រូវបានរាយការណ៍ ហើយប្រហែលជាគ្មានអ្នកស្លាប់ទេ នៅក្នុងហេតុការណ៍រថយន្តដឹកទំនិញធំៗ និងរថយន្តធុនតូចបុកគ្នា នៅឯច្រករបៀង I-196 ដែលបណ្តាលឱ្យរថយន្តច្រើនគ្រឿង រអិលធ្លាក់ចេញពីផ្លូវ។ គ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកថ្ងៃចន្ទ ក៏បាននាំឱ្យមានការបិទធ្វើផ្លូវចរាចរណ៍ដ៏មមាញឹកនេះផងដែរ។

ក្រុមមន្ត្រី បានណែនាំឱ្យអ្នកបើកបររថយន្តធុនតូចបន្ថយល្បឿន ខណៈព្យុះរដូវរងាបន្តនាំមកនូវព្រិលធ្លាក់ខ្លាំងក្នុងតំបន់ ហើយសីតុណ្ហភាពអាចធ្លាក់ចុះដល់កម្រិត -២២អង្សាសេ រួមជាមួយខ្យល់ត្រជាក់។ ទីភ្នាក់ងារឧតុនិយមជាតិ (NWS) ព្យាករណ៍ថាព្យុះព្រិលនឹងកើតមានពេញមួយយប់ ដែលនាំឱ្យមានព្រិលកម្រាស់ ៣៥.៤សង់ទីម៉ែត្រ សម្រាប់ផ្នែកនៃភាគនិរតី និងភាគខាងលិចកណ្តាលនៃរដ្ឋ Michigan ហើយមិនគួរមានការធ្វើដំណើរទេក្នុងពេលនេះ៕

ព័ត៌មានទាក់ទង