អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ នគរបាលខេត្តស្ទឹងត្រែង៦នាក់ ដែលត្រូវដកហូតតំណែង និងបន្ថយស័ក្ដិ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់

(ភ្នំពេញ)៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់បន្ថែមថា នគរបាលខេត្តស្ទឹងត្រែង ចំនួន៦នាក់ ដែលត្រូវបានដកហូតតំណែង និងបន្ថយឋានន្ដរស័ក្ដិ គឺពាក់ព័ន្ធជាមួយករណីនាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជា។

បើតាមលោក ទូច សុឃៈ, ក្រៅពីនគរបាលទាំង៦នាក់ខាងលើ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញជនជាតិឡាវចំនួន៤នាក់ ដែលជាមេក្លោងធំ ក្នុងការនាំមនុស្សចូលប្រទេសកម្ពុជាដោយខុសច្បាប់។ ខណៈក្រសួងមហាផ្ទៃ បានបញ្ជូនអត្តសញ្ញាណជនជាតិឡាវទាំង៤នាក់ ទៅកាន់សមត្ថកិច្ចឡាវដើម្បីបន្ដនីតិវិធីស្រាវជ្រាវចាត់ការតាមច្បាប់របស់ឡាវ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានបន្ដទៀតថា នៅសល់កងកម្លាំងចំនួន២នាក់ទៀត ដែលមិនស្ថិតក្រោមក្របខ័ណ្ឌក្រសួងមហាផ្ទៃ គឺក្រសួងបានសម្រេចបញ្ជូនទៅក្រសួង ស្ថាប័នសាមី អនុវត្តបទវិន័យកងកម្លាំង និងវិធានការច្បាប់។

ជាគោលជំហររបស់រាជរដ្ឋាភិបាល គឺបន្ដអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្ដ្រីទាំងឡាយណា ដែលល្មើសវិន័យកងកម្លាំង ល្មើសច្បាប់ យកតួនាទី មុខតំណែងឋានន្ដរស័ក្ដិ ទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់។ នេះបើតាមការសង្កត់ធ្ងន់បន្ថែមរបស់លោក ទូច សុឃៈ។

សូមរំលឹកថា ​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​ដកហូត​មុខ​តំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាល​បាល​ខេត្តស្ទឹងត្រែង ចំនួន​ ៦​រូប ក្នុង​នោះ​មាន​ម្នាក់​ជាឧត្តមសេនីយ៍ត្រី (​ផ្កាយ​១) ផងដែរ ព្រោះប្រព្រឹត្តល្មើសវិន័យ​នគរបាល​។

យោង​តាម​ប្រកាស​ស្តី​ពី​ការ​អនុវត្ត​ទណ្ឌកម្ម​ចេញ​​ចំនួន៣ដាច់ដោយឡែកពីគ្នា បានបង្ហាញថា នគរបាលដែលរងទណ្ឌកម្មនេះ រួមមាន៖

១៖ ឧត្តមសេនីយ៍ត្រី ចាន់ សុ​ផា អត្តលេខ០២០៤៦ ត្រូវបានដកហូត​មុខ​តំណែងពី​ស្នងការ​រងទទួល​ការងារ​ព្រំដែន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ឱ្យមក​ជា​មន្ត្រី។
២៖ វរសេនីយ៍ទោ ចាន់ សុធា អត្តលេខ៥៦៩៤៥ មេបញ្ជាការ​រង វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧៩១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ត្រូវ​បាន​ផ្អាក​ការងារ​បណ្តោះអាសន្ន។
៣៖ វរសេនីយ៍ត្រី ទិព្វ និ​ទ្ធី អត្តលេខ៥៦៩៧២ ដកហូតតួនាទីមេបញ្ជាការ​រងរ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក​លេខ​៧០១​មក​ជា​មន្ត្រី និង​បន្ថយឋានន្តរស័ក្តិ​ចំនួន ១​ថ្នាក់ ឱ្យមក​នៅ​ត្រឹម​ថ្នាក់​អនុសេនីយ៍ឯក ។
៤៖ អនុសេនីយ៍ឯក ឋាន វិចិត្រ អត្តលេខ ៧១៥៦៩ ដកហូតតួនាទីពី​នាយ​រង​ផ្នែក​សុខាភិបាល នៃ​វរ​សេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០១ ឱ្យមក​ជា​មន្ត្រី និង​បន្ថយ​ឋានន្តរស័ក្តិ​ចំនួន ១​ថ្នាក់ ឱ្យមក​នៅ​ត្រឹម​ថ្នាក់ អនុសេនីយ៍ទោ ។
៥៖ អនុសេនីយ៍ទោ សៅ សុភាព អត្តលេខ៧១៦០៩ ដកហូតតួនាទីពី​នាយ​រង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន គោក​ណា​អូ​ង នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​ ៧០១ ឱ្យមក​ជា​មន្ត្រី និង​បន្ថយ​ឋានន្តរស័ក្តិ​ចំនួន ១​ថ្នាក់ ឱ្យមក​នៅ​ត្រឹម​ថ្នាក់ អនុសេនីយ៍ត្រី ។
៦៖ អនុសេនីយ៍ត្រី ចាន់ សុ​ភ័​ក្រ អត្តលេខ ៩៥៧៥៣ ត្រូវបានបន្ថយឋានន្តរស័ក្តិមក​នៅ​ត្រឹម​ថ្នាក់ព្រិ​ន្ទ​បាល​ឯក​៕

ព័ត៌មានទាក់ទង