ពេលនេះមហាយក្សចិន បានចេញមុខដោយសម្តែងក្តីបារម្ភថា ពិភពលោកកំពុងវិលទៅរកការប្រើច្បាប់ព្រៃវិញហើយ

ស្របពេលស្ថានការណ៍ពិភពលោកកាន់តែច្របូកច្របល់ បាត់អស់សណ្តាប់ធ្នាប់ ព្រោះតែប្រទេសមានអំណាចចាប់ផ្តើមបង្កើនមហិច្ឆតា វាតទីយកទឹកដីប្រទេសផ្សេង ពេលនេះមហាយក្សចិន បានចេញមុខដោយសម្តែងក្តីបារម្ភថា ពិភពលោកកំពុងវិលទៅរកការប្រើច្បាប់ព្រៃវិញហើយ។

ថ្លែងចេញពីវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុងដាវ៉ូសប្រទេសស្វីសកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រីចិន He Lifeng បានប្រតិកម្មខ្លាំងដោយនិយាយថា៖ «ប្រទេសមួយចំនួនតូចមិនគួរមានឯកសិទ្ធិដែលផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ហើយពិភពលោកក៏មិនអាចវិលត្រឡប់ទៅរកច្បាប់ព្រៃ ដែលអ្នកខ្សោយក្លាយជាចំណីរបស់អ្នកខ្លាំងវិញដែរ។ គ្រប់ប្រទេស សុទ្ធតែមានសិទ្ធិក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។

សម្តីរបស់លោក He កើតឡើងចំពេលចិននិងសហរដ្ឋអាមេរិក កំពុងមើលមុខគ្នាមិនចំនិងជាប់ក្នុងភាពតាងតឹងជុំវិញវិបត្តិពាណិជ្ជកម្ម ដែលទីក្រុងវ៉ាស៊ីនតោនកំពុងដាក់គំនាបខ្លាំង។

វាក៏កើតឡើងផងដែរ ស្របពេលមេដឹកនាំអាមេរិក ដូណាល់ ត្រាំ កំពុងធ្វើឲ្យពិភពលោកក្រឡាប់ចាក់ ក្រោយការវាយប្រហាររដ្ឋធានីការ៉ាកាស និងចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ ជាមួយភរិយា និងស្របពេលប្រមុខសេតវិមាន បង្ហើបពីការប្រើកម្លាំងយោធា ដើម្បីវាយយកកោះ Greenland មកគ្រប់គ្រង ទោះមានការជំទាស់និងប្រតិកម្មជុំវិញពិភពលោកក៏ដោយ។

លោកត្រាំ បានបញ្ជាក់យ៉ាងច្បាស់ម្តងហើយម្តងទៀតថា៖ «អាមេរិកត្រូវតែធ្វើជាម្ចាស់លើកោះ Greenland ដើម្បីការពារកុំឲ្យរុស្ស៊ីនិងចិនយកទៅបាត់»។

បើតាមការអះអាងពីលោកត្រាំ, កោះ Greenland នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សន្តិសុខអាមេរិក។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមានយោធាជាង១០០នាក់ កំពុងឈរជើងជាអចិន្ត្រៃយ៍នៅឯមូលដ្ឋាន Pituffik ស្ថិតនៅចុងប៉ែកពាយព្យនៃកោះនេះ Greenland ដែលជាមូលដ្ឋាន ត្រូវសហរដ្ឋអាមេរិកគ្រប់គ្រង តាំងពីសម័យសង្គ្រាមលោកលើកទី២ មកម៉្លេះ។

ក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយប្រទេសដាណាម៉ាក សហរដ្ឋអាមេរិកមានអំណាចក្នុងការបញ្ជូនកងទ័ពទៅកាន់កោះ Greenland ក្នុងចំនួនច្រើនតាមតែខ្លួនចង់បាន៕

ព័ត៌មានទាក់ទង