ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យស្ថានភាពព្រំដែននៅស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្រោយបទឈប់បាញ់ចូលជាធរមាន និងចុះទៅពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមានលំនៅឋានរបស់ប្រជាពលរដ្ឋ និងមន្ទីរពេទ្យបង្អែក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥។
ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែន៕


