លោក ដូណាល់ ត្រាំ ប្រែជាបន្ទន់ឥរិយាបទពេលទៅដល់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅប្រទេសស្វីស ដោយប្រធានាធិបតីអាមេរិករូបនេះ បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយកកោះ Greenland នោះទេ ប៉ុន្តែចង់ឲ្យមានការចរចាជាបន្ទាន់ ដើម្បីធានាបាននូវកម្មសិទ្ធិលើទឹកដីមួយនេះ។
នេះគឺផ្ទុយស្រឡះពីអ្វីដែលអាមេរិកធ្លាប់តែគំរាមប្រើយោធាដើម្បីវាយយកកោះ Greenland ដោយមិនខ្វល់ពីការរិះគន់ឬប្រតិកម្មពិភពលោកឡើយ។
តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦ ក្នុងសុន្ទរកថានៅ WEF នាទីក្រុងដាវ៉ូស ប្រធានាធិបតីអាមេរិកអះអាងថា លោកកំពុងស្វែងរកការចរចាជាបន្ទាន់ ដើម្បីយកបាន Greenland ប៉ុន្តែ នឹងមិនដណ្ដើមយកទឹកដីនេះដោយប្រើកម្លាំងបាយឡើយ។
លោកបន្តថា៖ «យើងប្រហែលជាមិនទទួលបានអ្វីទាំងអស់ លុះត្រាតែខ្ញុំសម្រេចចិត្តប្រើប្រាស់កម្លាំងបាយ និងអំណាចដ៏លើសលប់ ដែលតាមពិតទៅគ្មាននរណាអាចទប់ទល់យើងបានឡើយ ប៉ុន្តែយើងនឹងមិនធ្វើបែបនោះទេ។ ខ្ញុំមិនចាំបាច់ប្រើកម្លាំងបាយឡើយ។ ខ្ញុំមិនចង់ប្រើកម្លាំងបាយ ហើយខ្ញុំក៏នឹងមិនប្រើកម្លាំងបាយដែរ»។
ប្រធានាធិបតីអាមេរិក មិនត្រឹមតែច្រានចោលពីការប្រើយោធាប៉ុណ្ណោះទេ ប៉ុន្តែក្រោយពីសុន្ទរកថានៅ WEF លោកត្រាំក៏បង្ហោះសារលើបណ្តាញសង្គម Truth Social បញ្ជាក់ពីការបង្កើតក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនាពេលអនាគតទាក់ទងនឹងកោះ Greenland ហើយផ្អាកយកពន្ធលើប្រទេសអឺរ៉ុបចំនួន៨ថែមទៀតផង។
នៅលើបណ្ដាញសង្គម លោក ត្រាំ បានលើកឡើងថា៖ «ជំនួបដ៏មានផ្លែផ្កាបំផុតជាមួយមេដឹកនាំអង្គការណាតូ បានឈានដល់ការបង្កើតក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដ៏មានសក្ដានុពលមួយ ដែលគ្របដណ្ដប់លើកោះ Greenland និងតំបន់អាកទិកទាំងមូល។ ប្រសិនបើបានសម្រេចជាស្ថាពរ ដំណោះស្រាយនេះ នឹងក្លាយជាចំណុចដ៏អស្ចារ្យមួយសម្រាប់សហរដ្ឋអាមេរិក និងរដ្ឋជាសមាជិកណាតូទាំងអស់»។
យ៉ាងណាក្តី លោកត្រាំមិនប្រាប់ព័ត៌មានលម្អិតអំពីក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនោះឡើយ ប៉ុន្តែបង្ហើបថា ព័ត៌មានបន្ថែមនឹងផ្សព្វផ្សាយ នៅពេលកិច្ចពិភាក្សាដំណើរការទៅមុខដោយរលូន៕
ប្រភព៖ BBC

