ចិនសាងសង់បណ្ដាញសាកបញ្ចូលថាមពលយានយន្តអគ្គិសនីច្រើនជាងគេបំផុតក្នុងលោក ដោយមានស្ថានីយសរុបជាង ២០លានកន្លែង គិតត្រឹមដំណាច់ឆ្នាំ២០២៥

(ប៉េកាំង)៖ រដ្ឋបាលថាមពលជាតិចិន (NEA) បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសចិនបានសាងសង់បណ្ដាញសាកបញ្ចូលថាមពលយានយន្តអគ្គិសនី (EV) ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលអាចឆ្លើយតបទៅនឹងតម្រូវការសាកថាមពលរបស់យានយន្តថាមពលថ្មី (NEVs) រហូតដល់ជាង ៤០លានគ្រឿង។

យោងតាមទិន្នន័យពី NEA បានឱ្យដឹងថា ចំនួនសរុបនៃបរិក្ខារសាកបញ្ចូលថាមពល EV នៅក្នុងប្រទេសចិន បានកើនឡើងដល់ ២០.០៩២ លានគ្រឿង គិតត្រឹមដំណាច់ឆ្នាំ២០២៥។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ល្បឿននៃការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនេះមានភាពរហ័សខ្លាំងមែនទែន ដោយក្នុងឆ្នាំ២០២៥ ចិនចំណាយពេលត្រឹមតែ ១៨ខែប៉ុណ្ណោះ ក្នុងការបង្កើនចំនួនស្ថានីយសាកពី ១០លានគ្រឿង ទៅដល់ ២០លានគ្រឿង។

ចំណុចសំខាន់ៗនៃវឌ្ឍនភាពបច្ចេកវិទ្យាសាកថាមពលរបស់ចិនរួមមាន៖ ថាមពលខ្លាំងជាងមុន ដោយកម្រិតថាមពលមធ្យមនៃឧបករណ៍សាកនីមួយៗ​បានកើនឡើងដល់ ៤៦.៥ គីឡូវ៉ាត់ ដែលកើនឡើង ៣៣% បើធៀបនឹងឆ្នាំមុន។ គ្របដណ្តប់លើផ្លូវល្បឿនលឿន ដោយ ចិនបានដំឡើងបង្គោលសាកថាមពលចំនួន ៧១,៥០០ គ្រឿង នៅតាមតំបន់សេវាកម្មផ្លូវល្បឿនលឿន ដែលស្មើនឹងជាង ៩៨% នៃផ្លូវល្បឿនលឿនសរុប និងពង្រីកដល់កម្រិតឃុំសង្កាត់។ ក្នុងចំណោមតំបន់កម្រិតខេត្តចំនួន ១៩ ក្នុងប្រទេសចិន បានធានាឱ្យមានការគ្របដណ្តប់ស្ថានីយសាកថាមពលដល់គ្រប់ឃុំសង្កាត់ទាំងអស់។

ការសម្រេចបាននូវសមិទ្ធផលនេះ បានបង្ហាញពីមហិច្ឆតារបស់ប្រទេសចិនក្នុងការនាំមុខគេលើវិស័យដឹកជញ្ជូនបៃតង និងការកាត់បន្ថយការបំភាយឧស្ម័នកាបូនតាមរយៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅទូទាំងប្រទេស។

យុទ្ធសាស្ត្ររបស់ប្រទេសចិនក្នុងការក្លាយជាមហាអំណាចរថយន្តអគ្គិសនីពិភពលោកក្នុងរយៈពេលមិនដល់ ២ទសវត្សរ៍ផង ប្រទេសចិនបានបំប្លែងខ្លួនពីប្រទេសដែលពឹងផ្អែកលើការនាំចូលបច្ចេកវិទ្យារថយន្តពីបរទេស ក្លាយជាមហាអំណាចដែលកំណត់វាសនាឧស្សាហកម្មរថយន្តអគ្គិសនីពិភពលោក។ តើអ្វីទៅជាយុទ្ធសាស្ត្រពីក្រោយភាពជោគជ័យដ៏សម្បើមនេះ?

ចាប់តាំងពីឆ្នាំ២០០៩ មក រដ្ឋាភិបាលចិនបានចាក់បញ្ចូលថវិកាប់រាប់ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ទាំងអ្នកផលិត និងអ្នកទិញ។ ការបញ្ចុះតម្លៃពន្ធ ការផ្ដល់ប្រាក់ឧបត្ថម្ភដល់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងការផ្ដល់ស្លាកលេខដោយឥតគិតថ្លៃសម្រាប់រថយន្តអគ្គិសនីនៅតាមទីក្រុងធំៗ បានធ្វើឱ្យតម្រូវការទីផ្សារកើនឡើងយ៉ាងគំហុក។

អាគុយគឺជាបេះដូងនៃរថយន្តអគ្គិសនី។ ចិនបានដើរមុនពិភពលោកដោយការវិនិយោគលើការរុករករ៉ែ និងការចម្រាញ់វត្ថុធាតុដើមសំខាន់ៗដូចជា លីចូម (Lithium), កូបាល់ (Cobalt) និងក្រាហ្វុីត (Graphite)។ បច្ចុប្បន្ន ក្រុមហ៊ុនចិនដូចជា CATL និង BYD គឺជាអ្នកផលិតអាគុយធំជាងគេបំផុត ដែលធ្វើឱ្យពិភពលោកស្ទើរតែទាំងមូលត្រូវពឹងផ្អែកលើចិន។

ដូចដែលបានបង្ហាញក្នុងទិន្នន័យចុងក្រោយ ចិនបានសាងសង់បណ្ដាញសាកបញ្ចូលថាមពលជាង ២០លានកន្លែង។ យុទ្ធសាស្ត្រ “មានស្ថានីយសាកមុន មានអ្នកជិះក្រោយ” បានជួយបំបាត់ក្ដីបារម្ភរបស់អ្នកប្រើប្រាស់ក្នុងការធ្វើដំណើរផ្លូវឆ្ងាយ។

រដ្ឋាភិបាលចិនបានបង្កើតបរិយាកាស “ការរស់រាននៃអ្នកខ្លាំង” ដោយអនុញ្ញាតឱ្យមានក្រុមហ៊ុនផលិត EV រាប់រយក្រុមហ៊ុនប្រកួតប្រជែងគ្នា។ ការប្រកួតប្រជែងនេះបានបង្ខំឱ្យក្រុមហ៊ុននានាដូចជា BYD, NIO, និង XPENG ត្រូវតែច្នៃប្រឌិត និងកាត់បន្ថយថ្លៃដើមឱ្យបានទាបបំផុត ដែលធ្វើឱ្យរថយន្តចិនមានតម្លៃទាបជាងរថយន្តអឺរ៉ុប ឬអាមេរិក។

នៅពេលទីផ្សារក្នុងស្រុកចាប់ផ្ដើមឆ្អែត ក្រុមហ៊ុនចិនបានចាប់ផ្ដើមវាយលុកទីផ្សារអន្តរជាតិ ជាពិសេសនៅអឺរ៉ុប អាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន។ តាមរយៈបច្ចេកវិទ្យាដ៏ទំនើប និងតម្លៃសមរម្យ រថយន្ត EV របស់ចិនកំពុងក្លាយជាជម្រើសទី១ របស់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

ជារួម ជោគជ័យរបស់ចិនមិនមែនជារឿងចៃដន្យទេ ប៉ុន្តែវាគឺជាការរៀបចំផែនការណ៍រយៈពេលវែង ដែលរួមបញ្ចូលគ្នារវាងអំណាចរដ្ឋ បច្ចេកវិទ្យា និងការគ្រប់គ្រងធនធានធម្មជាតិយ៉ាងមានប្រសិទ្ធភាព៕

ព័ត៌មានទាក់ទង