(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា បានដកខ្លួនជាផ្លូវការចេញពីអង្គការសុខភាពពិភពលោក WHO ដោយនិយាយថាការសម្រេចចិត្តរបស់ខ្លួនបានឆ្លុះបញ្ចាំងពីបរាជ័យរបស់ ទីភ្នាក់ងារ UN មួយនេះនៅក្នុងការគ្រប់គ្រង និងដោះស្រាយវិបត្តិកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឱ្យដឹងពីបំណងដកសហរដ្ឋអាមេរិកចេញពី WHO នៅថ្ងៃទី១នៃការឡើងកាន់តំណែងរបស់លោកកាលពីខែមករា ឆ្នាំ២០២៥ តាមរយៈការចេញ បទបញ្ជាប្រតិបត្តិមួយ បើទោះជាមានការព្រមានថាការសម្រេចចិត្តដកខ្លួននេះអាចនឹងបង្កផលប៉ះពាល់ដល់វិស័យសុខាភិបាលសាធាណៈនៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោកក៏ដោយ។
បើតាមសេចក្ដីប្រកាសព័ត៌មានមួយពីក្រសួងសុខាភិបាល និងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោននឹងធ្វើការជាមួយ WHO ដើម្បីសម្រួលដល់ការដកខ្លួនចេញតែប៉ុណ្ណោះ។ «យើងមិនមាន ផែនការចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ឡើយ ហើយយើងក៏គ្មានផែនការត្រឡប់ចូលរួមសាជាថ្មីនោះដែរ»។ នេះជាការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់។ សហរដ្ឋអាមេរិកបាននិយាយថាខ្លួនមាន គម្រោងធ្វើការដោយផ្ទាល់ជាមួយបណ្ដាប្រទេសនានា ជាជាងធ្វើការតាមរយៈអង្គការអន្តរជាតិមួយនៅក្នុងការឃ្លាំមើលតាមដានជំងឺឆ្លង និងដោះស្រាយបញ្ហាជាសុខាភិបាលសាធារណៈជាអាទិភាពដទៃទៀត។
គួរបញ្ជាក់ថា នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក បានតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនជូនដំណឹងមុនរយៈពេល១ឆ្នាំ និងសងបំណុលជំពាក់ប្រហែល ២៦០លានដុល្លារ នៅមុនចាកចេញពី WHO។ ប៉ុន្តែក្រុមមន្ត្រី របស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានជំទាស់នឹងលក្ខខណ្ឌបែបនេះដោយអះអាងថាប្រជាជនអាមេរិកបានចូលរួមបង់វិភាគទានដល់ WHO ច្រើនលើសនេះ ពោលគឺហួសពីគ្រប់គ្រាន់ទៅទៀត៕


