រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្រើនរម្លឹកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធសហការគ្នាក្តាប់ឱ្យជាប់មនុស្សចំណូលថ្មី ពិសេសជនបរទេស ដើម្បីឈានទៅបង្ក្រាបមុខសញ្ញាឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់ឬសគល់

(ក្រចេះ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានក្រើនរម្លឹកបន្ថែមដល់អាជ្ញាធរខេត្តក្រចេះ កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានទូទាំងខេត្តត្រូវរួមសហការគ្នា ធ្វើយ៉ាងណាក្តាប់ឱ្យជាប់ចំពោះមនុស្សចំណូលថ្មី ជាពិសេសជនជាតិបរទេស ដែលមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ស្របពេលដែលអាជ្ញាធរទូទាំងប្រទេសបានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីឈានទៅបង្ក្រាបមុខសញ្ញាក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់ឬសគល់។

ការរម្លឹកបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅចំពោះមុខថ្នាក់ដឹកនាំខេត្តក្រចេះ កម្លាំងសមត្ចកិច្ច កងរាជអាវុធហត្ថ និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់អញ្ជើញមកពីទូទាំងខេត្តក្រចេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ម្សិលមិញ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែនាំយ៉ាងដូច្នេះថា៖ «អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវក្តាប់ឱ្យជាប់ចំពោះមនុស្សចំណូលថ្មី ពិសេសជនបរទេស ស្របពេលដែលអាជ្ញាធរទូទាំងប្រទេស បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើយ៉ាងណាគ្រប់គ្រង និងកំណត់មុខសញ្ញាប្រព្រឹត្តិបទល្មើស។ ជនល្មើសអាចចល័តចេញពីទីតាំងដែលសមត្ថកិច្ចបង្ក្រាប រត់មកសម្ងំនៅក្នុងមូលដ្ឋានយើង អ៊ឹចឹងត្រូវក្តាប់ឱ្យជាប់ មនុស្សចំណូលថ្មី ពិសេសជនជាតិ ពិនិត្យលិខិតស្នាមឱ្យបានត្រឹមត្រូវ»

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តនីតិវិធីលើមេក្លោង និងគូកន។ ទន្ទឹមនេះកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីបន្តធ្វើការរួមគ្នាអនុវត្តប្រតិបត្តិការបង្ក្រាបប្រកបដោយសង្គតិភាព សំដៅធ្វើយ៉ាងណាបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានភាពប្រទាក់ក្រឡាគ្នាជាមួយអំពើជួញដូរមនុស្ស ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ការធ្វើទារុណកម្ម ឃាតកម្ម និងបទល្មើសគ្រឿងញៀនជាដើម ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិទាំងមូល។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានគិតគូរ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាទាំងនេះ ដោយអនុវត្តវិធានការច្បាស់លាស់ និងតឹងរឹងក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រាប់បញ្ចូលទាំងកិច្ចខិតខំលុបបំបាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគ្រប់តួអង្គ និងភាគីពាក់ព័ន្ធចាំបាច់ត្រូវសហការ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងផ្តល់កិច្ចសហប្រតិបត្តិការស្រាវជ្រាវដើម្បីវែកមុខមេក្លោង និងបណ្តាញអង្គការចាត់តាំងឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បញ្ហាបទល្មើស​ឆបោក​តាមប្រព័ន្ធអនឡាញ (Online Scms) នេះមិនមែនកើតមានតែនៅកម្ពុជានោះទេ កម្ពុជា ត្រូវបានគេលាភពណ៌ ហើយកម្ពុជា បានក្លាយជាជនរងគ្រោះដោយសារតែបរទេសមួយចំនួនបានលាភពណ៌កម្ពុជា ដោយចោទប្រកាន់ថា ប្រទេសកម្ពុជា ជាទីតាំងដែលឧក្រិដ្ឋជនប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការប្តេជ្ញា និងជំហរយ៉ាងច្បាស់លាស់ថា កម្ពុជា អត់ស្វាគមន៍ក្រុមជនល្មើសដែលប្រព្រឹត្តិបទល្មើសឆបោក​តាមប្រព័ន្ធអនឡាញមានវត្តមាននៅលើទឹកដីកម្ពុជា ជាដាច់ខាត។ ដូច្នេះ សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់រួមគ្នាទប់ស្កាត់ និងកំណត់មុខសញ្ញាជនល្មើសនៅមូលដ្ឋានរបស់ខ្លួនបានជាប់ ដើម្បីឈានទៅបង្ក្រាបបទល្មើសឆបោក​តាមប្រព័ន្ធអនឡាញនេះបានទាន់ពេលវេលា។

ដោយឡែកនៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ សមត្ថកិច្ចជំនាញ បានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ចំនួន១លើក ដោយឃាត់ខ្លួនជនបរទេសចំនួន ៣១១នាក់ ស្រី៦១នាក់ ស្មើនឹង ៧សញ្ជាតិ។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

 

ព័ត៌មានទាក់ទង