ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធរហូតដល់១០០% លើទំនិញទាំងអស់របស់កាណាដា បើប្រទេសនេះបន្តអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ដែលនេះជាការបង្កើនភាពតានតឹងយ៉ាងខ្លាំងរវាងប្រទេសជិតខាងនៅអាមេរិកខាងជើងទាំងពីរ។
យោងតាមរ៉យទ័រ តាមរយៈការបង្ហោះលើបណ្តាញសង្គមនាថ្ងៃសៅរ៍ទី២៤ខែមករាឆ្នាំ២០២៦ លោកត្រាំ បានព្រមានថា កិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំងនឹងអនុញ្ញាតឲ្យចិន «លេបត្របាក់» កាណាដា និងបំផ្លាញរចនាសម្ព័ន្ធសង្គមរបស់ប្រទេសនេះ។ លោកប្រធានាធិបតីក៏បានចោទប្រកាន់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ថាមានបំណងប្រែក្លាយកាណាដាឲ្យទៅជា «កំពង់ផែបញ្ជូនបន្ត» សម្រាប់ទំនិញចិន ដើម្បីគេចវេសពីពន្ធរបស់អាមេរិក ដែលការចោទប្រកាន់នេះកើតឡើងចំពេលដែលទំនាក់ទំនងបុគ្គល និងការទូតរវាងមេដឹកនាំទាំងពីរកំពុងធ្លាក់ចុះដុនដាបខ្លាំង។
ការគំរាមកំហែងនេះ ក៏បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកនាយករដ្ឋមន្ត្រី Carney ទៅកាន់ប្រទេសចិន ដើម្បីរៀបចំទំនាក់ទំនងទ្វេភាគីឡើងវិញ ដែលឈានដល់កិច្ចព្រមព្រៀងដោះស្រាយបញ្ហាពន្ធដារមួយចំនួន។ ទោះបីជាដំបូងឡើយ លោកត្រាំ ហាក់ដូចជាគាំទ្រចំពោះចំណាត់ការនេះកាលពីដើមខែ ក៏ជំហររបស់លោកបានផ្លាស់ប្តូរ បន្ទាប់ពីលោក Carney បានរិះគន់ចំណាប់អារម្មណ៍របស់លោកត្រាំ លើកោះ Greenland និងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos។ នៅក្នុងវេទិកានោះ លោក Carney បានអំពាវនាវឲ្យ «ប្រទេសមហាអំណាចកណ្តាល» រួបរួមគ្នាប្រឆាំងនឹងអនុត្តរភាពសកល ដោយលើកឡើងថា ប្រទេសនានាត្រូវតែធ្វើសកម្មភាពជាមួយគ្នា ដើម្បីជៀសវាងការក្លាយជាជនរងគ្រោះ។ ជាការឆ្លើយតប លោកត្រាំ បានដកសិទ្ធិអញ្ជើញកាណាដាក្នុងការចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» របស់លោក និងបានច្រានចោលកិច្ចព្រមព្រៀងពាណិជ្ជកម្ម USMCA ដែលមានស្រាប់ថា «មិនមានសារៈសំខាន់»។
មន្ត្រីកាណាដាបានព្យាយាមកាត់បន្ថយភាពតានតឹងនេះ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Dominic LeBlanc បានបញ្ជាក់ច្បាស់ថា កាណាដាមិនបានស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយជាមួយចិននោះទេ ប៉ុន្តែគ្រាន់តែជាការដោះស្រាយជម្លោះដែលមានស្រាប់តែប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រី Carney ទោះបីជាមិនបានឆ្លើយតបដោយផ្ទាល់ចំពោះការគំរាមកំហែងពន្ធដារក៏ដោយ ក៏បានជំរុញឲ្យប្រជាជនកាណាដាគាំទ្រឧស្សាហកម្មក្នុងស្រុក និងផ្តោតលើភាពធន់នៃសេដ្ឋកិច្ចផ្ទៃក្នុង។ មេដឹកនាំឧស្សាហកម្ម រួមទាំងសភាពាណិជ្ជកម្មកាណាដា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដែលអាចកើតមានលើវិស័យលោហធាតុ រថយន្ត និងគ្រឿងចក្រ ដោយបានជំរុញឲ្យរដ្ឋាភិបាលទាំងពីរឈានដល់ការយោគយល់គ្នា ដើម្បីកាត់បន្ថយភាពមិនប្រាកដប្រជានៃទីផ្សារដែលកំពុងកើនឡើង៕

