សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យមេទ័ពជើងទឹកអាមេរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
នាយឧត្តមនាវី Samuel Paparo បំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលជាមួយនឹងនាវាចម្បាំងអាមេរិក ចូលមកចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក។
ល្ងាចនេះ នាយឧត្តមនាវី Samuel Paparo ក៏នឹងមានជំនួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ ហើយក៏មានរៀបចំពិធីជប់លៀងលើនាវាដ៏មានអានុភាពរបស់អាមេរិក ដែលកំពុងចតនៅមូលដ្ឋានសមុទ្ររាមផងដែរ។
មុនឆ្នាំ២០២៤ កម្ពុជា និងអាមេរិក ហាក់មានការមិនយល់ចិត្តគ្នាមួយចំនួនលើបញ្ហាមូលដ្ឋានសមុទ្ររាម ដោយមានការចោទប្រកាន់ថា កម្ពុជា ផ្តល់មូលដ្ឋានសមុទ្រជាទីតាំងឈរជើងរបស់កងទ័ពជើងទឹកចិន ក្នុងគ្រាដែលកម្ពុជាកែលំអមូលដ្ឋាននេះ ឱ្យកាន់តែល្អប្រសើរ។
ប៉ុន្តែចាប់ពីឆ្នាំ២០២៤មក ទំនាក់ទំនងហាក់ល្អប្រសើរឡើងវិញ ហើយនាវាចម្បាំងអាមេរិក ក៏ចូលមកកាន់សមុទ្រកម្ពុជាវិញ ក្រោយខកខានជាច្រើនឆ្នាំ៕


