(ម៉ានីល)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសហ្វីលីពីនបានឱ្យដឹងថាស្រឡាងមួយគ្រឿងដឹកអ្នកដំណើរ ៣៤២នាក់ បានលិច នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ក្នុងតំបន់ភាគខាងត្បូង នៃប្រទេសយបណ្ដាលឱ្យមនុស្សយ៉ាងហោច៨នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមក្រុមមន្ត្រីហ្វីលីពីន មនុស្ស៨នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ រីឯជាង១៣៨នាក់ត្រូវបានជួយសង្រ្គោះ។ ស្រឡាងដឹកអ្នកដំណើរខាងលើមានគោលដៅធ្វើដំណើរ ចាកចេញពីទីក្រុង Zamboanga ទៅកាន់កោះ Jolo។ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យស្រឡាងនេះលិចនៅឡើយទេ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងដុតដៃដុតជើងធ្វើប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ពាក់ព័ន្ធនឹងស្រឡាងដឹកអ្នកដំណើរមិនមែនជារឿងថ្មីថ្មោងនៅហ្វីលីពីននោះទេ។ កាលពីឆ្នាំ២០២៣ មានមនុស្សយ៉ាងហោច ៣០នាក់បានស្លាប់ ក្នុងហេតុអគ្គិភ័យឆេះស្រឡាងមួយគ្រឿងនៅភាគខាងត្បូងហ្វីលីពីន៕

