អាជ្ញាធរខេត្តព្រះសីហនុ វាយកម្ទេចផែថ្មរឹងមាំដែលសាងសង់រំលោភលើដីឆ្នេរព្រែកត្រែង​ ក្រោយផុតកំណត់សេចក្តីជូនដំណឹងនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែ​មករា​ ឆ្នាំ២០២៦ បានសហការជាមួយរដ្ឋបាលស្រុកស្ទឹងហាវ វាយកម្ទេចផែថ្មរឹងមាំ ដែលសាងសង់រំលោភលើដីឆ្នេរព្រែកត្រែង​ ដែលស្ថិតនៅក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។

សកម្មភាពចុះអនុវត្តច្បាប់នេះដឹកនាំដោយលោក ធឿន សុធិន អភិបាលរងស្រុកស្ទឹងហាវ និងលោក ពេជ្រ ខៅដាង នាយករងរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ដោយចុះអនុវត្តលិខិតជូនដំណឹង (ស.ជ.​ណ) ​ចុះថ្ងៃទី១៤ ខែមករា​ ឆ្នាំ​២០២៦ ដល់ម្ចាស់ទីតាំងលោក គួច​ វិន័យ និងលោកស្រី អ៊ុច ស្រីរ័ត្ន ជាម្ចាស់ភោជ្ជនីយដ្ឋាន​យីហោ (BEACE House) ដែលកន្លងមកម្ចាស់ភោជនីយដ្ឋានខាងលើបានលបលួចសាងសង់ផែថ្មរឹងមាំ មានបណ្តោយប្រវែង១៨ម៉ែត្រ និងទទឹង៦ម៉ែត្រ មិនមានច្បាប់អនុញ្ញាតរំលោភយកដីចំណីឆ្នេរដើម្បីធ្វើអាជីវកម្មជាកម្មសិទ្ធឯកជន។

​យ៉ាងណាមិញម្ចាស់ទីតាំងយល់ព្រម និងសហការដោយមិនប្រកែកដោយសំណង់មួយកន្លែងនេះពិតជាបានរំលោភចូលដីឆ្នេរជាទ្រព្យសម្បតិ្តពិតប្រកដមែន។ជាមួយគ្នានេះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងនៅតំបន់នោះក៏បានសាទរពីសកម្មភាពវាយកម្ទេចសំណង់រឹងមាំខាងលើរបស់អាជ្ញាធរផងដែរ៕

ព័ត៌មានទាក់ទង