(ប៉េកាំង)៖ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ចិនបានប្រហារជីវិតមនុស្សសរុបចំនួន១១នាក់ ដែលជាប់ទាក់ទងបណ្តាញក្រុមឧក្រិដ្ឋកម្ម នៅឯប្រទេសមីយ៉ាន់ម៉ា ដោយក្នុងចំណោមនោះ រួមមានទាំងសមាជិកសំខាន់ៗ នៃក្រុមធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
មនុស្សទាំង១១នាក់ខាងលើ ត្រូវបានផ្តន្ទាទោសប្រហារជីវិត កាលពីខែកញ្ញា ឆ្នាំ២០២៥ ដោយតុលាការនៅទីក្រុង Wenzhou ភាគខាងកើតប្រទេសចិន ហើយតុលាការដដែលនោះ គឺជាអ្នកដែលបានអនុវត្តការប្រហារជីវិតពួកគេ នាថ្ងៃព្រហស្បតិ៍នេះ។ បទល្មើសរបស់អ្នកទាំងនោះ ដែលត្រូវបានរកឃើញថា ប្រព្រឹត្តចាប់តាំងពីឆ្នាំ២០១៥មក គឺរួមមានដូចជាឃាតកម្ម ការបង្ករបួសស្នាម ការបង្ខាំងមនុស្ស ការឆបោកតាមបច្ចេកវិទ្យា និងការបើកកាស៉ីណូខុសច្បាប់។
ក្នុងចំណោមមនុស្ស១១នាក់នោះ គឺរួមមានទាំងសមាជិកនៃក្រុមឧក្រិដ្ឋជនត្រកូល Ming ដែលសកម្មភាពខុសច្បាប់របស់ពួកគេ បានបណ្តាលឱ្យពលរដ្ឋចិនសរុប ១៤នាក់បាត់បង់ជីវិត ហើយជាច្រើននាក់ផ្សេងទៀតរងរបួស។
គួរបញ្ជាក់ថា ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរីកស្គុសស្គាយតាមតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្មានឆ្នាំចុងក្រោយ ទីក្រុងប៉េកាំងបានបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ដើម្បីបង្រ្កាបឧស្សាហកម្មខុសច្បាប់ ដែលមានតម្លៃរាប់ពាន់លានដុល្លារមួយនេះ ហើយជាលទ្ធផល ជនសង្ស័យរាប់ពាន់នាក់ ត្រូវបានបញ្ជូនត្រឡប់មកកាន់ប្រទេសចិនវិញ៕


