បានស្នើសូមឲ្យកូរ៉េខាងត្បូងផ្តល់ព័ត៌មានទាក់ទងទៅនឹងឧក្រិដ្ឋជនសម្លាប់និស្សិតកូរ៉េខាងត្បូង នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើសូមឲ្យកូរ៉េខាងត្បូងផ្តល់ព័ត៌មានទាក់ទងទៅនឹងឧក្រិដ្ឋជនសម្លាប់និស្សិតកូរ៉េខាងត្បូង នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។
ការស្នើរបស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោក Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាព នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់យ៉ាងដូច្នេះ «(សម្តេចតេជោ បានលើកឡើងថា) ថៃ និងកូរ៉េខាងត្បូង មានទំនាក់ទំនងគ្នាល្អ នៅក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ម្ល៉ោះហើយសម្តេចចង់ឲ្យភាគីកូរ៉េខាងត្បូង សហការជាមួយថៃ ចែករំលែកព័ត៌មានទាក់ទងទៅនឹងការសម្លាប់និស្សិតកូរ៉េខាងត្បូង នៅក្នុងទឹកដីប្រទេសកម្ពុជា ប៉ុន្តែឧក្រិដ្ឋជននោះត្រូវបានចាប់ខ្លួន នៅក្នុងទឹកដីប្រទេសថៃ»។
សូមជម្រាបថា សពឈ្មោះ PARK MINHO ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតជនជាតិកូរ៉េខាងត្បូង បានធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ បន្ទាប់ពីការធ្វើកោសល្យវិច័យបឋមរកឃើញថា សពជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង ដែលបណ្តាលមកពីការ ធ្វើទារុណកម្ម ដោយមានស្នាមជាំជាច្រើនកន្លែងលើរាងកាយ៕


