យន្តហោះចម្បាំងថៃ AT-6TH ដែលធ្លាក់ មានតម្លៃ ១៧.៨ លានដុល្លារអាមេរិក

តាមការផ្សាយរបស់ Khaosod យន្តហោះចម្បាំងថៃ AT-6TH បានធ្លាក់ក្នុងអំឡុងពេលបំពេញបេសកកម្មបង្ហាត់ហោះហើរនៅភូមិ Huai Fang ស្រុក Chom Thong ខេត្តឈៀងម៉ៃ ខណៈ Bangkok Post ផ្សាយថា យន្តហោះនេះមានតម្លៃប្រហែល ១៧.៨ លានដុល្លារអាមេរិកក្នុងមួយគ្រឿង បើករួមបញ្ចូលទាំងកញ្ចប់សេវាកម្មគាំទ្រ។

ហេតុការណ៍ធ្លាក់យន្តហោះនេះកើតឡើងនាវេលាម៉ោង១០:៣០ ព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ខែមករាឆ្នាំ២០២៦ បណ្តាលឲ្យស្លាប់អាកាសយានិក២នាក់ ប៉ុន្តែមូលហេតុនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ គ្រាន់តែគេដឹងថា យន្តហោះនេះទើបដាក់ឲ្យចូលបំពេញបេសកកម្មមិនទាន់បានមួយឆ្នាំផង។

យន្តហោះនេះដែលមានឈ្មោះពេញ Beechcraft AT-6TH Wolverine គឺជាយន្តហោះចម្បាំងប្រភេទវាយប្រហារស្រាលនិងឈ្លបយកការណ៍ ដែលកងទ័ពអាកាសថៃ បញ្ជាទិញពីក្រុមហ៊ុន Textron Aviation របស់សហរដ្ឋអាមេរិក។

AT-6TH ប្រើម៉ាស៊ីនស្លាបចក្រប្រភេទ Turboprop (Pratt & Whitney PT6A-68D) ដែលមានកម្លាំងខ្លាំង និងស៊ីប្រេងតិច។ វាមានល្បឿនអតិបរមាប្រហែល ៥៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងហោះក្នុងរយៈកម្ពស់ខ្ពស់ដល់ ៩ ៤០០ ម៉ែត្រ។

AT-6TH អាចបំពាក់គ្រាប់បែកនាំផ្លូវដោយឡាស៊ែរ គ្រាប់រ៉ុកកែតនិងកាំភ្លើងយន្ត។ វាមានចំណុចព្យួរអាវុធចំនួន ៧ កន្លែងនៅក្រោមស្លាប និងតួខ្លួន។

មិនត្រឹមប៉ុណ្ណឹង វាបំពាក់ដោយកាមេរ៉ានិងប្រព័ន្ធឡាស៊ែរ (L3Wescam MX-15D) សម្រាប់ស្វែងរកគោលដៅទាំងយប់ទាំងថ្ងៃ ហើយមានប្រព័ន្ធព្រមាននៅពេលសត្រូវបាញ់មីស៊ីលមកលើខ្លួន និងប្រព័ន្ធបាញ់ភ្លើង ដើម្បីបញ្ឆោតមីស៊ីលសត្រូវ។

ថៃបានបញ្ជាទិញ AT-6TH ចំនួន៨គ្រឿងពីក្រុមហ៊ុន Textron ក្រោមគម្រោងដែលចុះហត្ថលេខាកាលពីឆ្នាំ ២០២១។ យន្តហោះទាំងនេះត្រូវបានផលិតនិងបញ្ជូនជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិកមកកាន់ប្រទេសថៃ៕

ប្រភព៖ Khaosod & Bangkok Post

 

ព័ត៌មានទាក់ទង