ឃើញស្ថានការណ៍កាន់តែមិនស្រួលនៅតំបន់មជ្ឈិមបូព៌ា, រុស្ស៊ី កំពុងរៀបចំជម្លៀសអ្នកជំនាញរបស់ខ្លួនចេញពីរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ឲ្យមកប្រទេសវិញ

ដោយមើលឃើញស្ថានការណ៍កាន់តែមិនស្រួលនៅតំបន់មជ្ឈិមបូព៌ា, រុស្ស៊ី កំពុងរៀបចំជម្លៀសអ្នកជំនាញរបស់ខ្លួនចេញពីរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ឲ្យមកប្រទេសវិញ ព្រោះបារម្ភថា ប្រសិនបើមានការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ជីវិតអ្នកជំនាញបរមាណូរបស់ខ្លួនអាចនឹងស្ថិតក្នុងគ្រោះថ្នាក់។

តាមការផ្សាយរបស់ TASS កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែមករាឆ្នាំ២០២៦ ក្រុមហ៊ុនរដ្ឋ Rosatom nuclear corporation នឹងធ្វើការជាមួយក្រសួងការបរទេសនិងក្រសួងការពារជាតិរុស្ស៊ី ដើម្បីជម្លៀសអ្នកជំនាញរបស់ខ្លួនចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr (ប៊ូស៊ែរ) ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ។

រឿងនេះកើតឡើងចំពេលអាមេរិក កំពុងបង្អួតសាច់ដុំយោធានៅក្នុងតំបន់ ជាមួយនឹងការគំរាមវាយប្រហារអ៊ីរ៉ង់ ហើយក៏មានការបោះសម្តីព្រមាននិងសង្កៀតធ្មេញដាក់គ្នាទៅវិញទៅមកផងដែរ ធ្វើឲ្យគេសន្និដ្ឋានថា មិនយូរទេសង្គ្រាមនឹងផ្ទុះឡើងហើយ។

លោក Alexei Likhachev ប្រធាន Rosatom បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា៖ «យើងសង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធនឹងគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះភាពមិនអាចរំលោភបំពានបាននៃតំបន់រោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Bushehr។ ទោះបីជាយ៉ាងណាក៏ដោយ យើងក៏កំពុងតាមដានយ៉ាងដិតដល់នូវរាល់ការវិវត្តនានា ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តវិធានការជម្លៀស ប្រសិនបើចាំបាច់»។

សូមជម្រាបថា Bushehr (BNPP) គឺជាគម្រោងនុយក្លេអ៊ែរស៊ីវិលដ៏ធំបំផុតរបស់អ៊ីរ៉ង់ និងជាចំណុចកណ្តាលនៃកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារវាង រុស្ស៊ីនិងអ៊ីរ៉ង់។

ស្ថិតនៅតាមបណ្តោយឆ្នេរនៃឈូងសមុទ្រពែរ្ស ជិតទីក្រុង Bushehr ភាគនិរតីប្រទេសអ៊ីរ៉ង់, គម្រោងនេះត្រូវបានចាប់ផ្តើមដំបូងដោយក្រុមហ៊ុនអាល្លឺម៉ង់ Siemens ក្នុងឆ្នាំ១៩៧៥ ប៉ុន្តែត្រូវបានផ្អាកបន្ទាប់ពីបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ១៩៧៩។ ក្រោយមកនៅឆ្នាំ១៩៩៥ រុស្ស៊ី ក៏ចូលមកបន្តគម្រោងនេះរហូតដល់បញ្ចប់ និងដាក់ឲ្យដំណើរការជាផ្លូវការនៅឆ្នាំ២០១១។

អ៊ីរ៉ង់តែងអះអាងថា រោងចក្រនេះមានគោលបំណងផលិតអគ្គិសនីសម្រាប់សេចក្តីត្រូវការក្នុងស្រុកតែប៉ុណ្ណោះ មិនមែនសម្រាប់ផលិតអាវុធនុយក្លេអ៊ែរឡើយ។

យ៉ាងណា រោងចក្រនេះស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងពី ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ ឥន្ធនៈអ៊ុយរ៉ានីញ៉ូមត្រូវបានផ្តល់ដោយរុស្ស៊ី ហើយកាកសំណល់នុយក្លេអ៊ែរក៏ត្រូវបញ្ជូនត្រឡប់ទៅរុស្ស៊ីវិញ ដើម្បីធានាថាមិនមានការយកទៅចម្រាញ់ធ្វើជាគ្រាប់បែក៕

ព័ត៌មានទាក់ទង