កម្ពុជានាំចេញចេកស្រស់ ជាង៣៤ម៉ឺនតោន ស្មើនឹងទឹកប្រាក់១៧៨លានដុល្លារ កើនជាង១៦% ក្នុងឆ្នាំ២០២៥, ចិន ជាទីផ្សារនាំចេញធំជាងគេ
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្រស់ ជាង៣៤ម៉ឺនតោន ស្មើនឹងទឹកប្រាក់១៧៨លានដុល្លារ កើនឡើងជាង១៦ភាគរយ ក្នុងនោះ ប្រទេសចិន នៅតែជាទីផ្សារនាំចេញធំជាងគេ។ នេះបើយោងតាមទិន្នន័យ ពីក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា «ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្រស់ចំនួន ៣៤៣,៥៧៧តោន កើនឡើងជិត៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ក្នុងទឹកប្រាក់នាំចេញ សរុបឈានដល់១៧៨លានដុល្លារ កើនឡើង១៦.៨៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤»។
សូមជម្រាបថា កាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញផ្លែចេកស្រស់ ចំនួន២៦ម៉ឺនតោន ក្នុងនោះ ២៥ម៉ឺនតោន ស្មើនឹង៩៥% ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែល៥%ផ្សេងទៀត ទៅកាន់ប្រទេសវៀតណាម កូរ៉េខាងត្បូង និងម៉ាឡេស៊ី។
កម្ពុជាមានផ្ទៃដីដាំចេកអំបូងលឿងចំនួន ២១ពាន់ហិកតា និងផ្ទៃដីប្រមូលផលចំនួន ១៥ពាន់ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ៤០ម៉ឺនតោន ជាមួយនឹងទិន្នផលជាមធ្យម ២៥តោន/ហិកតា។
បច្ចុប្បន្នចម្ការចេកចំនួន២៤ និងទីតាំងវេចខ្ចប់ផ្លែចេកស្រស់ចំនួន៣៦ ត្រូវបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការ សម្រាប់ការនាំចេញផ្លែចេកស្រស់ទៅកាន់ ប្រទេសចិន៕


