លោក ដូណាល់ ត្រាំ សង្ឃឹមថានឹងមានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ បន្ទាប់ពីមេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអំពីសង្រ្គាមក្នុងតំបន់

(វ៉ាស៉ីនតោន)៖ នាថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកសង្ឃឹមថា នឹងអាចឈានដល់កិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ បន្ទាប់ពីមេដឹកនាំកំពូលរបស់សាធារណរដ្ឋអ៉ីស្លាមមួយនេះ បានព្រមានថា ការវាយប្រហារណាមួយរបស់អាមេរិកលើអ៉ីរ៉ង់ មុខជានឹងបង្កឱ្យផ្ទុះសង្រ្គាមក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នៅពេលត្រូវបានសួរអំពីសារព្រមានរបស់លោក Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក ត្រាំ បានឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រាកដណាស់ លោក Khamenei ច្បាស់ជានឹងនិយាយបែបនោះ ហើយលោកប្រធានាធិបតីអាមេរិក បានបន្ថែមថា «សង្ឃឹមថាយើងនឹងអាចឈានដល់កិច្ចព្រមព្រៀងមួយ ព្រោះថាបើមិនដូច្នោះទេ នោះយើងនឹងដឹងច្បាស់មិនខានថា តើគាត់ (លោក Khamenei) និយាយត្រូវដែរឬអត់»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក​ បានបង្កើនវត្តមានកងកម្លាំងយោធាជើងទឹករបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីលោក ត្រាំ បានគំរាមម្តងហើយម្តងទៀតថា នឹងធ្វើអន្តរាគមន៍យោធាលើអ៉ីរ៉ង់ ប្រសិនបើអ៉ីរ៉ង់មិនព្រមចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬមិនបញ្ឈប់ការសម្លាប់ក្រុមបាតុករ។ ទោះភាពតានតឹងបានកើនឡើងក្តី ភាគីទាំងពីរបានបង្ហាញសញ្ញាពីការត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចពិភាក្សាឡើងវិញ ហើយបណ្តាសម្ព័ន្ធក្នុងតំបន់ដូចជាតួកគីយ៉េ ក៏បានខ្នះខ្នែងព្យាយាមជួយបន្ធូរបន្ថយស្ថានការណ៍ផងដែរ៕

ព័ត៌មានទាក់ទង