ក្រោយកម្ពុជាឃាត់ខ្លួនជនជាតិចិនជិត១៨០០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងឆបោកអនឡាញទ្រង់ទ្រាយធំនៅក្រុងបាវិតឃាត់ខ្លួនជនសង្ស័យបរទេសសរុបជាង២ពាន់នាក់ ចិនបានចេញមុខគាំទ្រចំពោះប្រតិបត្តិការបង្ក្រាបរបស់កម្លាំងជំនាញកម្ពុជា ព្រមទាំងមានសុទិដ្ឋិនិយមថាប្រតិបត្តិការបង្ក្រាបបទល្មើសរីកសាយភាយមួយនេះ នឹងឆ្ពោះទៅមុខឥតឈប់ឈរ។ ការចេញមកបញ្ជាក់របស់មហាអំណាចចិន ធ្វើឡើងតាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកម្ពុជា នារាត្រីថ្ងៃចន្ទ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន ផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការ នារាត្រីថ្ងៃទី២ ខែកុម្ភៈ ដូច្នេះ ៖« ប្រទេសចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងជំនាញរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមបប្រព័ន្ធអនឡាញ ហើយជឿជាក់ថាកិច្ចការនេះនឹងបន្តមានវឌ្ឍនភាពថ្មីឥតឈប់ឈរ។ »។
កម្លាំងជំនាញសរុបប្រមាណ៧០០នាក់ នៅថ្ងៃទី៣១ ខែមករា បានចុះទៅឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបចំនួន២០៤៤នាក់ ក្នុងនោះមានជនជាតិចិន១៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាប គឺក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ មានមូលដ្ឋាននៅក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ អះអាងថា ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ សបញ្ជាក់ថា កម្ពុជា គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជនមានឱកាសប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scames) ជាដាច់ខាត បើទោះបីជាពេលនេះ កម្ពុជា កំពុងរ៉ាប់រងបន្ទុកដោះស្រាយផលប៉ះពាល់បង្កឡើងដោយអំពើឈ្លានពានពីប្រទេសជិតខាងក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីចុងខែមករា ថ្លែងនៅចំពោះមុខទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាថា កម្ពុជាមិនមែនជាទីជម្រកសុវត្ថិភាពរបស់ជនល្មើសទេ តែជាឋាននរករបស់ជនល្មើស៕


