មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បង្ហាញវឌ្ឍនភាពមួយចំនួ​ន លើការងារដោះស្រាយផលប៉ះពាល់គម្រោងព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ដែរថា ចំពោះការងារដោះស្រាយផលប៉ះពាល់លើគម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការដោះស្រាយជាបន្តបន្ទាប់ និងស្ថិតនៅតាមគន្លងនៃផែនការក្នុងការកសាងព្រែកជីកហ្វូណនតេជោនេះ, ជាបច្ចេកទេសមកដល់ពេលនេះ ក្រុមការងារអាចចាប់ផ្តើមសាងសង់បានហើយ តែក្រុមហ៊ុនសាងសង់ស្នើឱ្យមានការដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋឱ្យបានចម្ងាយវែងសិនទើបអនុវត្ត។

ការលើកឡើងបែបនេះរបស់លោក មាស សុខសេនសាន ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ ឆ្នាំ២០២៦ រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក មាស សុខសេនសាន បានថ្លែងបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ បានគូសវាស់តម្រាយផ្លូវរួចរាល់ហើយ កាលពីឆ្នាំ២០២៥កន្លងទៅនេះ ឆ្នាំថ្មីនេះយើងបានចាប់ផ្តើមដោះស្រាយជាបណ្តើរៗ លើដីដែលជាផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដែលការចាប់ផ្តើមដោះស្រាយផលប៉ះពាល់នាពេលនេះ ក៏បានស្ថិតនៅក្នុងគន្លងនៃផែនការក្នុងការកសាងព្រែកជីកហ្វូណនតេជោ ដែលអាចនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៨។

ពាក់ព័ន​្ធនឹងរឿងព្រែកជីកហ្វូណនតេជោនេះ លោក មាស សុខសេនសាន បានបញ្ជាក់ទៀតថា «ជាបច្ចេកទេសយើងក៏អាចចាប់ផ្តើមបុកគ្រឹះកន្លែងមួយចំនួនបាន ក៏ប៉ុន្តែខាងក្រុមហ៊ុនសាងសង់ ជាបច្ចេកទេសរបស់គាត់ គាត់ចង់ឱ្យយើងដោះស្រាយជាមួយប្រជាពលរដ្ឋតាមគន្លងផ្លូវនេះឱ្យបានវែង ដើម្បីពេលចាប់ផ្តើមគេចង់ធ្វើឱ្យបានវែង មិនចង់ធ្វើហើយឈប់នោះទេ អីចឹងយើងត្រូវការដោះស្រាយឱ្យបានវែងបន្តិច ដើម្បីដំណើរការបានរលូន»។

សូមបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្រ របស់កម្ពុជា មានប្រវែងជិត ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ ១០០ម៉ែត្រ ក្រោម ៨០ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២ គន្លង។ ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៨ ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារ ក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)។

ព្រែកជីកនេះនឹងសាងសង់ស្ទើរទាំងស្រុងលើតម្រាយផ្លូវទឹកធម្មជាតិ និងបុរាណ តាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិមានស្រាប់ប្រវែង ១៣៥គីឡូម៉ែត្រ ជីកតម្រង់ប្រវែង ៣៨គីឡូម៉ែត្រ និងជីកថ្មីប្រវែង ៧គីឡូម៉ែត្រ។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹក ៣កន្លែង ដើម្បីទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃ និងកំណត់បរិមាណរំហូរទឹកសាប។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

ព័ត៌មានទាក់ទង