ប៉ូលិសថៃ បានរឹបអូសសាប៊ូកក់សក់ ថ្នាំដុសធ្មេញនិងផលិតផលថែរក្សាសម្រស់ក្លែងក្លាយរាប់សែនមុខ ដែលប៉ះពាល់ខ្លាំងដល់សុខភាព ព្រោះតែវាមិនបានឆ្លងកាត់ការត្រួតពិនិត្យនិងអនុម័តត្រឹមត្រូវ។
តាមការផ្សាយរបស់ Amarin នៅថ្ងៃពុធទី៤ខែកុម្ភៈឆ្នាំ២០២៦ ការរឹបអូសនេះធ្វើឡើងនៅឃុំ Ban Ko នៃស្រុក Mueang Samut Sakhon ខេត្ត Samut Sakhon។
ជុំវិញករណីនេះ ការិយាល័យស៊ើបអង្កេតកណ្តាលថៃ (CIB) បានឲ្យដឹងថា ម្ចាស់ឃ្លាំងស្តុក គឺជាជនបរទេសដែលដាក់លក់ផលិតផលទាំងនេះយ៉ាងគគ្រឹកគគ្រេងតាមអនឡាញ ជាមួយតម្លៃថោកជាងទីផ្សារ។
តាមការស៊ើបអង្កេត ក្រុមអ្នករត់ពន្ធដែលលក់ទំនិញក្លែងក្លាយទាំងនោះ បានប្រើប្រាស់ទីតាំងស្តុក និងចែកចាយទំនិញជាច្រើនកន្លែងផ្សេងៗ ដើម្បីគេចវេសពីអាជ្ញាធរ។
យ៉ាងណា ម្ចាស់ឃ្លាំងនៅ Samut Sakhon ត្រូវបានចាប់ខ្លួនហើយ ខណៈប៉ូលិសកំពុងប្រមូលព័ស្តុតាង និងបញ្ជូនខ្លួនទៅអង្គភាពពាក់ព័ន្ធដើម្បីចាត់ការតាមនីតិវិធីជាបន្តទៀត៕
ប្រភព៖ Amarin


