ប្រទេសរុស្ស៊ី ប្រកាសថា សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក «New START» បានឈានដល់ទីបញ្ចប់ជាស្ថាពរហើយ

ប្រទេសរុស្ស៊ី ប្រកាសថា សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក «New START» បានឈានដល់ទីបញ្ចប់ជាស្ថាពរហើយ ដែលកត្តានេះធ្វើឲ្យពិភពលោកប្រឈមហានិភ័យធ្លាក់ចូលក្នុងគ្រោះថ្នាក់នៃការប្រកួតប្រជែងសព្វាវុធ។

តាមការផ្សាយរបស់ RT ដែលដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងបរទេសរុស្ស៊ីកាលពីថ្ងៃអង្គារទី៤ខែកុម្ភៈឆ្នាំ២០២៦, សន្ធិសញ្ញា New START បានផុតកំណត់ជាផ្លូវការនៅថ្ងៃទី៥ខែកុម្ភៈ ហើយទីក្រុងមូស្គូនៅមិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការណាមួយពីអាមេរិកជុំវិញការបន្តសន្ធិសញ្ញានេះនៅឡើយទេ។

ក្រសួងបន្តថា៖ «រុស្ស៊ីនឹងត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែងនានាដែលអាចកើតមាន ប៉ុន្តែនឹងនៅតែបន្តបើកចំហសម្រាប់កិច្ចសន្ទនា បន្ទាប់ពីការរលាយរលត់នៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធយុទ្ធសាស្ត្រចុងក្រោយ ដែលនៅសេសសល់ជាមួយសហរដ្ឋអាមេរិក។ គេមានចេតនាទុកចោលគំនិតផ្ដួចផ្ដើមរបស់យើង ដោយគ្មានការឆ្លើយតប។ ដូច្នេះឥឡូវទីក្រុងមូស្គូ សន្មតថា ភាគីនៃសន្ធិសញ្ញា New START លែងត្រូវបានចងភ្ជាប់ដោយកាតព្វកិច្ច ឬសេចក្តីថ្លែងការណ៍សមាមាត្រណាមួយទៀតហើយ។

New START គឺជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយបង្អស់ដែលនៅសេសសល់រវាងអាមេរិក និងរុស្ស៊ី។ សន្ធិសញ្ញានេះ ដាក់កំហិតឲ្យប្រទេសនីមួយៗមានក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រមិនឲ្យលើសពី ១ ៥៥០ គ្រាប់ និងមីស៊ីលឆ្លងទ្វីប (ICBM) មិនឲ្យលើសពី ៧០០ គ្រាប់នោះទេ។

ដើមចមដែលធ្វើឲ្យ New START ឈានដល់ទីបញ្ចប់ គឺដោយសារទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ធ្លាក់ចុះដល់កម្រិតទាបបំផុតព្រោះសង្គ្រាមនៅអ៊ុយក្រែន។

ពេលចប់សន្ធិសញ្ញានេះ ពិភពលោកនឹងគ្មានច្បាប់កំណត់ចំនួនអាវុធនុយក្លេអ៊ែររវាងអាមេរិក និងរុស្ស៊ីជាលើកដំបូងក្នុងរយៈពេលជាង ៥០ ឆ្នាំ ដែលវាពិតជាបង្កឲ្យមានការភ័យខ្លាចអំពីការកើនឡើងនូវហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ៕

ព័ត៌មានទាក់ទង